(ព្រះសីហនុ)៖ ការដ្ឋានសាងសង់អាគារមួយកន្លែង មិនគោរពកិច្ចដែលបានធ្វើឡើងចំពោះមុខក្រុមការងារអន្តរវិស័យរដ្ឋបាលខេត្តព្រះសីហនុ។ នេះជាការរៀបរាប់ឲ្យរបស់លោក តាំង វិជ្ជនី តាមរយៈបទសម្ភាសន៍ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រីឲ្យដឹងទៀតថា ក្រុមហ៊ុនសាងសង់មួយកន្លែងនេះ មានការរំលោភបំពានលើកិច្ចសន្យា ដោយមិនញរញើតដែលបានព្រមព្រៀងជាមួយគ្នាចំពោះមុខមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ។ លោកស្រីបានរៀបរាប់បន្តថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុនខាងលើបានធ្វើការសាងសង់អាគារនេះឡើងទាំងយប់ទាំងថ្ងៃ ដែលបង្កឲ្យមានការរំញ័រពីការបុកគ្រិះធ្វើឲ្យបន្ទប់ស្នាក់នៅរបស់ធ្វីនផាមរីស៊ត ជាច្រើនកន្លែងមានការប្រះស្រាម បាក់ស្រុត ព្រមទាំងបានបង្កជាសំឡេងរំខានខ្លាំងៗ ដែលធ្វើឲ្យដំណើរការទទួលភ្ញៀវមានការថយចុះពីមួយថ្ងៃទៅមួយថ្ងៃដោយសារបញ្ហាខាងលើ។

ក្រោយមានរឿងបែបនេះកើតឡើង ភាគីទាំងពីរ បានជជែកគ្នារកដំណោះស្រាយម្តងជាពីរដងរហូតឈានដល់ដាក់ពាក្យបណ្តឹងទៅរដ្ឋបាលខេត្តព្រះសីហនុ បន្ទាប់មកមានការដោះព្រមព្រៀងគ្នា ដោយធ្វើកិច្ចសន្យារួមគ្នាមួយ ក្នុងនោះមានលាយលក្ខជាអក្សរដូចតទៅ «នៅថ្ងៃមុខប្រសិនបើការដ្ឋានសំណង់មានការធ្លាក់សម្ភារដែលប៉ះពាល់ធ្ងន់ធ្ងរ នោះភាគីទាំងពីរត្រូវជជែកពិភាក្សាដើម្បីរកដំណោះស្រាយ និងសូមឲ្យចាប់ដំណើរការធ្វើការចាប់ពីម៉ោង៧ព្រឹក ដល់២២យប់។ ចំណែកឯលោក CHEN JIAN DONG តំណាងម្ចាស់ការដ្ឋានសំណង់នៅលើក្បាលដីលេខ១៣៤៩ ឯកភាពឱ្យកម្មករធ្វើការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង២២យប់ តាមការសំណូមពររបស់កញ្ញា តាំង វិជ្ជនី ពិតប្រាកដមែន»

យ៉ាងណាមិញរំលងបានតែបីទៅបួនថ្ងៃ ខាងការដ្ឋានសំណង់មិនបានគោរពតាមកិច្ចសន្យានោះឡើយ ពោលគឺធ្វើការគ្មានដែនកំណត់ ២៤ម៉ោង លើ២៤ម៉ោង ដែលជាហេតុធ្វើឲ្យមានការស្រុតប្រះស្រាម បង្គោលរបងបន្ថែមទៀត ជាពិសេសគឺមិនគោរម៉ោងដែលបានកំណត់ ក្រោយមានសកម្មភាពនេះកើតឡើងលោកស្រី តាំង វិជ្ជនី ព្យាយាមទំនាក់ទំនងទៅភាគីសាងសង់ដើម្បីដោះស្រាយ នូវបញ្ហាកើតឡើង តែមិនត្រូវគ្នា។

យ៉ាងណាមិញក្រោយមិនមានដំណោះស្រាយ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ លោកស្រី តាំង វិជ្ជនី បានទៅដាក់ពាក្យបណ្តឹងដើម្បីមានការអន្តរាគមន៍ និងរកដំណោះស្រាយពីមន្ត្រីជំនាញ តែរហូតមកដល់ទី២០ មិថុនានេះ​ នៅមិនទាន់មានការឆ្លើយតប និងចុះមកពិនិត្យលើកិច្ចការនេះនៅឡើយទេ។

ជុំវិញបញ្ហាខាងលើ ពាក់ព័ន្ធនឹងការដាក់ពាក្យបណ្តឹងលោក ឯម ភាព អភិបាលរងខេត្ត ទទួលបន្ទុកផ្នែកសំណង់បានប្រាប់ថា ការងារនេះពេលដែលបានចំណារ ឬចំណាត់ការពីអភិបាលខេត្តភ្លាម មន្រ្តីជំនាញនឹងដឹកនាំក្រុមការងារប្រជុំលើកិច្ចការ រួចចុះដោះស្រាយក្នុងរយ:ពេលដ៏ខ្លីមុខ៕