(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការសិក្សាពីម៉ូដែលនៃការបង្កើតពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ»។

តាមរយៈទិន្នន័យពាក្យដែលបានអនុម័ត ការសិក្សាស្រាវជ្រាវនេះមានគោលបំណងពិនិត្យមើលអំពីម៉ូដែលនៃការបង្កើតពាក្យហើយដែលបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីបង្ហាញនិងពិនិត្យមើលឡើងវិញពីការអនុវត្តកន្លងមកនូវយន្តការនៃការបង្កើតពាក្យ។

ការសិក្សាវិភាគពីគុណសម្បត្តិ និងគុណវិបត្តិនៃវិធីជ្រើសរើសក្នុងបង្កើតពាក្យដែលធ្លាប់បានអនុវត្តកន្លងមក គឺជាការរួមចំណែកមួយដ៏សំខាន់ដើម្បីជាជំនួយស្មារតីឱ្យគណៈកម្មការបច្ចេកទេស និងក្រុមប្រឹក្សាជាតិភាសាខ្មែរសម្រេច និងជ្រើសរើសវិធីសាស្ត្រក្នុងការបន្តបង្កើត និងអនុម័តបច្ចេកសព្ទនាពេលអនាគតក្នុងគោលបំណងរក្សាលំនឹងភាសាខ្មែរដែលជាអត្តសញ្ញាជាតិខ្មែរ។

ទិន្នន័យបច្ចេកសព្ទដែលប្រើប្រាស់សម្រាប់ការសិក្សានេះ ដកស្រង់ពីសទ្ទានុក្រមដែលបានបោះពុម្ពរួចចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២២ រួមមានបច្ចេកសព្ទទាក់ទងនឹងកសិកម្ម វេជ្ជសាស្ត្រសេដ្ឋកិច្ច គីមីវិទ្យារូបវិទ្យា អក្សរសិល្ប៍ ភាសាវិទ្យា វិទ្យាសាស្ត្រនយោបាយ និងការទូត ទស្សនវិជ្ជវប្បធម៌ និងវិចិត្រសិល្បៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងស្ថាបត្យកម្ម និងសំណង់។ ទិន្នន័យសរុបទាំងអស់មានចំនួន ៥,០៦៣ពាក្យ។

វិធីបន្សំជាម៉ូដែលមួយដែលងាយស្រួល និងបានប្រើប្រាស់ច្រើនជាងគេ ដើម្បីសងបញ្ញត្តិថ្មីៗ ដែលក្នុងនោះធាតុចូលរួមមានធាតុខ្មែរ ធាតុកម្ចីបាលីសំស្ក្រឹត និងធាតុកម្ចីបារាំងអង់គ្លេស ស្តង់ដាពីរបានអនុវត្តក្នុងម៉ូដែលនេះ ដោយការផ្សំធាតុគ្នាអនុវត្តតាមវេយ្យាករណ៍ខ្មែរ និងការផ្សំធាតុគ្នាអនុវត្តតាមវេយ្យាករណ៍បាលីសំស្រ្កឹត។ ការអនុវត្តស្តង់ដាពីរបែបនេះបានធ្វើឱ្យការបង្កើតបច្ចេកសព្ទមិនមានឯកភាព ឧទាហរណ៍ សន្មតសញ្ញា និងសញ្ញាសន្មត ជីវមណ្ឌលនិងមណ្ឌលជីវៈ ជាដើម។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ការអនុវត្តស្តង់ដាពីរនេះមិនមែនមានតែក្នុងបច្ចេកសព្ទទេ សូម្បីតែបញ្ញត្តិទូទៅក៏មានដែរ ឧទាហរណ៍ ក្រុងកែប និងកែបក្រុង សង្ក្រាន្តកំពង់ស្ពឺ និងកំពង់ស្ពឺសង្ក្រាន្តជាដើម។

ការខ្ចីពាក្យហើយខ្ចីថែមទាំងក្បួនវេយ្យាករណ៍នៃភាសាបរទេសបន្ថែមទៀតនោះអាចនាំឱ្យប៉ះពាល់ដល់ទម្រង់និងរចនាសម្ព័ន្ធនៃភាសាខ្មែរដែលជាភាសាគ្មានវិភត្តិស្ថិតក្នុងអម្បូរមនខ្មែរ។

ករណីមិនអាចរកពាក្យខ្មែរ ឬពាក្យកម្ចីបាលីសំស្ក្រឹត ឬធាតុផ្សំខ្មែរ និងធាតុផ្សំបាលីសំស្ក្រឹតបានទំនោរក្នុងការខ្ចីសូរសព្ទពីភាសាបារាំង អង់គ្លេស ជាម៉ូដែលមួយដែលបានអនុវត្តកាន់តែច្រើន នៅក្នុងសំណេរពាក្យកម្ចីពីភាសាបារាំងអង់គ្លេស ការកត់ត្រាសូរព្យញ្ញនៈបរទេសដែលគ្មានក្នុងប្រព័ន្ធសទ្ទតានៃ
ភាសាខ្មែរមានការអនុវត្តស្តង់ដាពីរ គឺការធ្វើខ្មែរនីយកម្មផង និងការបង្កើតអក្សរផ្គុំផង៕