(ភ្នំពេញ)៖ វរសេនីយ៍ទោ កែវ ម៉ារ៉ាឌី, វរសេនីយ៍ទោ ហន រ៉ែន, វរសេនីយ៍ទោ ស៊ុំ សុមុន្នី, និងអនុសេនីយ៍ទោ ជិន ពិសិដ្ឋ ចំនួន៤រូប ដែលជានិវត្តន៍ជន នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានទទួលថវិកាគោលនយោបាយរបស់សមាគមមិត្តនគរបាល ដើម្បីដោះស្រាយបញ្ហាក្នុងបន្ទុកគ្រួសារមួយចំនួន ពីលោកវរសេនីយ៍ទោ ម៉ី ច័ន្ទណារិទ្ធ នាយការិយាល័យរដ្ឋបាល-សរុប តំណាងលោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល និងជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃក្រសួងមហាផ្ទៃ។

លោកវរសេនីយ៍ទោ ម៉ី ច័ន្ទណារិទ្ធ ឋិតក្នុងឱកាសនេះ, បានឆ្លៀតសំណេះសំណាល និងពាំនាំអំពីការយកចិត្តទុកដាក់ នៃការផ្ដាំផ្ញើសួរសុខទុក្ខចំពោះនិវត្តន៍ជនគ្រប់ៗរូប ដើម្បីឱ្យថែទាំសុខភាពឱ្យបានល្អប្រសើរសម្រាប់ការរស់នៅប្រចាំថ្ងៃ តាមរយៈការរត់ ឬដើរហាត់ប្រាណ និងការពិសារអាហារ ជាមួយការសម្រាកឱ្យបានទៀងទាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សែម គន្ធា បន្ទាប់ពីប្រគល់ថវិកាគោលនយោបាយ ជូននិវត្តន៍ជនទាំង៤រូប ដើម្បីអាចជួយសម្របសម្រួល លើការដោះស្រាយបញ្ហាក្នុងបន្ទុកគ្រួសារបានមួយចំនួន។

សូមជម្រាបថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតសមាគម កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានដំណើរការរយៈពេល៤អាណត្តិរួចមកហើយ ដោយទទួលបានជោគជ័យគួរជាទីមោទន ហើយលោកសូមសម្ដែងនូវការកោតសរសើរដោយស្មោះ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លារបស់សមាគម ដែលសមិទ្ធផលទាំងអស់នេះ មិនអាចកាត់ថ្លៃបានពីការខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៅក្នុងគណៈកម្មាធិការកណ្ដាល គណៈកម្មការមូលដ្ឋាន និងសមាជិក សមាជិកា ក្រុមគ្រួសារសមាគមទាំងអស់បានឡើយ។

លោកអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៀតថា ដើម្បីចូលរួមចំណែកឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា មានដំណើរការល្អប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត គឺបានដាក់ចេញនូវការណែនាំមួយចំនួនដូចខាងក្រោម៖
*ទី១៖ នៅពេលខាងមុខសមាគមនឹងអាចជួបប្រទះនូវបញ្ហាមួយចំនួន ដែលនឹងត្រូវដោះស្រាយជាបន្ទាន់ ដូច្នេះខ្ញុំសូមស្នើដល់គណៈកម្មាធិការកណ្ដាលថ្មី ត្រូវមានវិធីប្រជុំជាកំណត់មួយពេញលេញច្បាស់លាស់ ដើម្បីពិនិត្យលើការដឹកនាំដោះស្រាយបញ្ហាដែលកើតឡើងទាន់ពេលវេលា ព្រមទាំងចង្អុលដឹកនាំគណៈកម្មការមូលដ្ឋានឲ្យមានប្រសិទ្ធភាព
*ទី២៖ បច្ចុប្បន្នក្រសួងមហាផ្ទៃ បានបង្កើតអគ្គនាយកដ្ឋានមួយចំនួនទៀត ហើយអគ្គនាយកដ្ឋានអង្គភាពចំណុះក៏ត្រូវបានបង្កើតឡើងដែរ ដូច្នេះត្រូវសម្របសម្រួលរៀបចំគណៈកម្មការមូលដ្ឋាន តាមនាយកដ្ឋាន អង្គភាពឡើងវិញ ដើម្បីឲ្យមានអង្គការចាត់តាំង និងមានរចនាសម្ព័ន្ធស្របតាមលក្ខន្ដិកៈ និងលិខិតបទដ្ឋាននានាសមាគមដែលមានជាធរមាន
*ទី៣៖ កន្លងមកគណៈកម្មការតាមមូលដ្ឋានបានអនុវត្តល្អរួចមកហើយ ប៉ុន្ដែការងារមួយចំនួនអ្វីដែលលោកសង្កេតឃើញផ្ទាល់ គឺមានមន្ដ្រីមួយចំនួននៅថ្នាក់ក្រោមជាតិ មិនបានបំពេញកាតព្វកិច្ចអ្វីដែលប្រគល់ជូន ជាពិសេសក្នុងការសម្របសម្រួលក្នុងពិធីបុណ្យសពជូនដល់មន្ដ្រី ដូចនេះលោកទទូចឲ្យសមាគមពិនិត្យលើការងារ ពិសេសស្នើគណៈកម្មាធិការអាណត្តិថ្មីនេះ ពិចារណាក្នុងការបង្កើតក្រុមការងារអនុវត្តកិច្ចការដែលនៅសេសសល់
*ទី៤៖ ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា មានគ្រប់គ្រាន់ប៉ុន្ដែការបើក និងផ្ដល់ប្រាក់ឧបត្ថម្ភជូនក្រុមគ្រួសារសពដែលជាសមាជិក នៃសមាគមមានការយឺតយ៉ាវ ពេលខ្លះមានរយៈពេលមួយខែ ពេលខ្លះមានរហូតដល់២ខែ ដូច្នេះការងារនេះលោកសូមស្នើឲ្យប្រធានថ្មី មេត្តាពិនិត្យរបៀបរបបនីតិវិធីនៃការស្នើសុំយ៉ាងយូរក្រោម១២ថ្ងៃ នៃថ្ងៃធ្វើការ ដែលជាវេលាមួយសមរម្យ
*ទី៥៖ ចំពោះការផ្សព្វផ្សាយវិញ លោកសូមស្នើគណៈកម្មការនិពន្ធទស្សនាវដ្ដីនគរបាល បង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ឲ្យបានច្រើនទៀត ពិសេសសកម្មភាពគណៈកម្មការមូលដ្ឋាន ដែលចុះជួយរៀបចំពិធីបុណ្យសពសមាជិកពលី មរណៈ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីមនោសញ្ចាតនា សាមគ្គីរបស់មន្ដ្រីនគរបាលជាតិនៅថ្នាក់មូលដ្ឋាន
*ទី៦៖ លោកសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី ជាសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់សូមមេត្តាបន្ដគាំទ្រ និងជួយឧបត្ថម្ភតាមគ្រប់រូបភាពដល់សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឲ្យអង្គការមួយនេះមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត នៅពេលអនាគត*ទី៧៖ សូមឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា សហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ពិនិត្យទៅលើលទ្ធភាពក្នុងការរៀបចំការងារចំនួនពីរ ក្នុងនោះ ទី១៖ សិក្សាឈានទៅការធ្វើទំនើបកម្មនៃការគ្រប់គ្រងឯកសាររបស់សមាជិក សមាជិកា នៃក្រុមគ្រួសារសមាគមមិត្តនគរបាលជាតិកម្ពុជា ព្រោះបច្ចុប្បន្នឯកសារទាំងអស់នេះ ត្រូវបានដម្កល់ទុកជាលក្ខណៈប្រពៃណីនៅឡើយ និងទី២៖ សិក្សាអំពីការងារអាទិភាព និងប្រភពនៃចំណុចខ្វះខាតកន្លងមក ហើយជាពិសេសមន្ដ្រីទទួលធ្វើការងារនេះ។

គួរជម្រាបផងដែរថា សម្រាប់មហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នាពេលនេះ បានបោះឆ្នោតជ្រើសរើស នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រធានសមាគមសម្រាប់អាណត្តិទី៥។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញតួនាទីជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ដើម្បីឲ្យសមាគមកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត និងកាន់តែឲ្យសមាជិក សមាជិកាទាំងអស់ជឿទុកចិត្តលើសមាគម៕