(ស្រះកែវ)៖ កងកម្លាំងរបស់កម្ពុជាចំនួន៣០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ចូលរួមហ្វឹកហាត់ស្ដីពីការការពារជួយសង្គ្រោះគ្រោះមហន្តរាយ និងលេងកីឡា ជាមួយកងទ័ពថៃ នៅសាលារៀន អ.ផ.ប៉ ខ្លងណាមសៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

ការហ្វឹកហាត់នេះធ្វើឡើងរយៈពេល១ថ្ងៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ បច្ចេកទេស លក្ខណៈស្តង់ដា និងបែបវិទ្យាសាស្រ្តរួមជាមួយគ្នា ដើម្បីពង្រឹងសមត្ថភាពការងារជួយសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ប្រជាជននៃប្រទេសទាំងពីរដែលរស់នៅតាមបន្ទាត់ព្រំដែន ដោយភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ត្រី ថេបពិថីប និមីត មេបញ្ជាការកងកម្លាំងបូព៌ាថៃ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងអំណរគុណដល់ភាគីថៃដែលបានអនុញាតឲ្យភាគីកម្ពុជាបានចូលរួមដកស្រង់បទពិសោធន៍ ដើម្បីធានាឲ្យកិច្ចការងារជួយសង្គ្រោះអាយុជីវិតមនុស្ស និងសម្ភារៈបានលឿនរហ័សទាន់ពេលវេលា និងសុវត្ថិភាព ឆ្លើយតបនូវសេចក្តីត្រូវការចំបាច់និងបន្ទាន់ និងតាមបទបញ្ជាថ្នាក់លើ៕