(ភ្នំពេញ​)៖ លោកបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជំរុញ ថ្នាក់ដឹកនាំ និងមន្រ្តីនៅស្រុកមេមត់ ចូលរួមចំណែកប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម អ៉ិច១៦ ដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធ ឱ្យក្លាយជាតំបន់ទេសចរណ៍។

លោកបណ្ឌិត ម៉ឹង មករា បានលើកឡើងថា គោលបំណងចម្បងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ គឺចូលរួមចំណែកប្រែក្លាយតំបន់ប្រវត្តិសាស្ត្រ ដែលធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ទេសចរណ៍កសិកម្ម និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលនាំមកនូវទេសចរណ៍ និងការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា វីរភាពសម្ដេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលបានសម្រេចចិត្តចាកចេញពីប្រពន្ធកូនជាទីស្រឡាញ់ និងយកជីវិតទៅប្ដូរ ដើម្បីសង្គ្រោះប្រជាជាតិ និងមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងបានដឹកនាំកសាងប្រទេសឱ្យមាន សុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ មកដល់បច្ចុប្បន្ន គឺជាគុណបំណាច់ដ៏ធំធេងបំផុត សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលកូនខ្មែរមិនអាចបំភ្លេចបានឡើយ។

ក្នុងនាមលោកជាកូនខ្មែរ និងជួសមុខឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យើងលោកសូមគោរពដឹងគុណដ៏ជ្រាវជ្រៅបំផុតនៅគំរូវីរភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនកម្ពុជាទាំងអស់ដែលបានធ្វើពាក់កម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្រឡាញ់នៃយើងឱ្យមានការរស់រានមានជីវិត និងសុខសន្តិភាព ការអភិវឌ្ឍន៍ពេញលេញជានិរន្តរ៍។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអជ្ញាធរមូលដ្ឋាន តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកម្ពស់អភិបាលកិច្ចល្អ លើកស្ទួយកម្រឹតជីវភាពសេដ្ឋិច្ចគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាន គាំពារសុខមាលភាពប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ទទួលបានឱកាស និងមានលទ្ធភាពចូលរួមចំណែកក្នុងការថែរក្សានូវ "សុខសន្តិភាព និងការអភិវឌ្ឍប្រទេស"។ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួនជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអភិវឌ្ឍនៅ ឆ្នាំ២០៥០។

សូមបញ្ជាក់ផងដែរ លោកបណ្ឌិតបានដឹកនាំក្រុមការងារមករំលឹកដល់វិញ្ញាណក្ខ័ន្ឋ កុមារា ហ៊ុន កំសត់ ដែលត្រូវជាបុត្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានស្លាប់យ៉ាងវេទនាក្នុងរបប ប៉ុល ពត កាលពីថ្ងៃឋតី១០ វិច្ឆិកា ឆ្នាំ១៩៧៦ នៅមន្ទីរពេទ្យស្រុក ដែលបច្ចុប្បន្ននេះជាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់។

លោកបណ្ឌិត ម៉ឹង មករា បានបន្តដឹកនាំក្រុមការងារចុះទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម អ៉ិច១៦ ដែលជាកន្លែងតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម៕