(ហ្សាការតា)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៧ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។

នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការផ្តល់នូវអនុសាសន៍គោលនយោបាយដែលផ្អែកលើគំហើញជាក់ស្តែង ក្នុងការគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន។ កិច្ចប្រជុំក៏បានពិភាក្សានូវសកម្មភាពរបស់ ERIA នាឆ្នាំកន្លងទៅ និងផែនការការងាររបស់ ERIA សម្រាប់ឆ្នាំ២០២៤ ផងដែរ។

នៅព្រឹកថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភារូម៉ានី ដឹកនាំដោយប្រធានគណៈកម្មការកិច្ចការអឺរ៉ុបលោក Ştefan Muşoiu ។ នៅក្នុងឱកាសនោះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីវិធី និងមធ្យោបាយ ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-រូម៉ានី ក៏ដូចជា៖ ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបផងដែរ។

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារថ្ងៃត្រង់ការងាររៀបចំដោយលោកស្រី Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះមានការសន្ទនាគ្នាដោយត្រង់ទៅត្រង់មក ស្តីពីការវិវត្តន៍ថ្មីៗនៅក្នុងអាស៊ាន និងកិច្ចសហប្រតិបត្តិការពេលអនាគត ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដែលមានសារៈសំខាន់ចំពោះអាស៊ាន រួមទាំង ទំនាក់ទំនងជាមួយដៃគូសន្ទនា និងដៃគូខាងក្រៅរបស់អាស៊ាន។

លោក Serzhan Abdykarimov បានជូនសារតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំអាស៊ាន ដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ លោកបណ្ឌិត កៅ គឹមហួន បានអបអរសាទរលោក Serzhan Abdykarimov ក្នុងឱកាសទទួលភារកិច្ចថ្មី ហើយទន្ទឹងធ្វើការជាមួយគាត់ ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាន និងកាហ្សាក់ស្ថានឱ្យកាន់តែជិតស្និទ្ធ។ លោកអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យកាហ្សាក់ស្ថាន បន្តធ្វើការជាមួយអាស៊ាន ក្នុងការរិះរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងវិស័យដែលជាប្រយោជន៍ និងចាប់អារម្មណ៍រួម រួមទាំង ពាណិជ្ជកម្ម និងការវិនិយោគ។

លោកអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យកាហ្សាក់ស្ថាន បង្កើនការចូលរួមជាមួយអាស៊ាន តាមរយៈក្របខណ្ឌនៃអង្គការកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី និងសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ជាដើម។

លោក Serzhan Abdykarimov បានទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ គាត់ក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាហ្សាក់ស្ថាន ជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន។

ប្រទេសកាហ្សាក់ស្ថាន បានតែងតាំងឯកអគ្គរដ្ឋទូតទី ១ ប្រចាំអាស៊ានក្នុងឆ្នាំ២០១៤។ គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងអាស្តាណា ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីខែមីនា ឆ្នាំ២០១៤ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន ជាមួយកាហ្សាក់ស្ថាន នៅក្នុងប្រទេសម្ចាស់ផ្ទះ។

នៅរសៀលថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយស្ថាបនិក Amity Circle បណ្ឌិត Marty Natalegawa ព្រមទាំងសមាជិកស្ថាបនិក Amity Circle លោក Hassan Wirajuda ។

នៅក្នុងឱកាសនោះ ពួកគាត់បានថ្លែងអំណរគុណលោកអគ្គលេខាធិការអាស៊ាន ដែលបានធ្វើសន្ទរកថា ដែលថតទុកមុន នៅក្នុងកិច្ចប្រជុំចង្អៀត Amity Circle កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ព្រមទាំងបានចែករំលែកលទ្ធផលសំខាន់នៃកិច្ចប្រជុំនោះ។ បន្ថែមលើនេះ ពួកគាត់ក៏បង្ហាញពីការចាប់អារម្មណ៍ចង់អញ្ជើញឯកឧត្តមបណ្ឌិត កៅ គឹមហួន ចូលរួមនៅក្នុងព្រឹត្តិការណ៍នានាពេលអនាគត ផងដែរ៕