(ភ្នំពេញ)៖ លោក អាឌ្រៀន ហ្គីលប៊ឺត (Adrian Gilbert) នាយកគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ(RT4D) បានថ្លែងថា គម្រោង RT4D នឹងជួយពង្រីកឱកាសផ្នែកសេដ្ឋកិច្ច ជំរុញឱ្យមានការឱ្យតម្លៃនិងបរិយាបន្ន និងផ្តល់សិទ្ធិអំណាចដល់បុគ្គលដែលជាសហគ្រិនមានពិការភាពឱ្យទទួលបានភាពរីកចម្រើន និងអាចចូលរួមចំណែកដល់សង្គមជាតិបាន។

ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងកម្មវិធីបិទ «ការអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន ការលើកកម្ពស់សហគ្រិនកម្ពុជា ដែលមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញានិងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម» ក្រោមអធិបតីភាព លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលសហការរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម និងគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

កម្មវិធីនេះដែរ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហគ្រិនមានពិការភាពសរុបចំនួន ៧០រូប។

ជាកិច្ចចាប់ផ្តើម លោក អាឌ្រៀន ហ្គីលប៊ឺត (Adrian Gilbert) នាយកគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ(RT4D) បានថ្លែងចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះថា គម្រោងខាងលើនេះគឺជាគម្រោងទី១ ដែល RT4D បានចូលរួមអនុវត្តជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដើម្បីជួយដល់សហគ្រិនមានពិការភាពនៅកម្ពុជា។

លោកបានថា គម្រោងខាងលើនេះ គឺជាការប្តេជ្ញាចិត្តរបស់ RT4D ក្នុងការគាំទ្រកម្ពុជាដើម្បីអនុវត្តឱ្យបានពេញលេញ នូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដោយគម្រោងនេះបានផ្តោតការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា។ លោកនាយក បានគូសបញ្ជាក់ថា៖ «គម្រោងនេះនឹងជួយពង្រីកឱកាសផ្នែកសេដ្ឋកិច្ច ជំរុញឱ្យមានការឱ្យតម្លៃនិងបរិយាបន្ន និងផ្តល់សិទ្ធិអំណាចដល់បុគ្គលដែលជាសហគ្រិនមានពិការភាពឱ្យទទួលបានភាពរីកចម្រើន និងអាចចូលរួមចំណែកដល់សង្គមជាតិបាន»។

តាមរយៈគម្រោងខាងលើនេះ RT4D រំពឹងថាសហគ្រិនមានពិការភាពទាំង២០រូប នឹងអាចប្រើប្រាស់ចំណេះដឹងពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់ខ្លួន ដើម្បីពង្រឹងអាជីវកម្មឱ្យរីកចម្រើនបន្តទៀត។

ក្នុងឱកាសនេះដែរ លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប.) និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានថ្លែងនូវសេចក្តី រីករាយដែលគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ(RT4D) ក្រោមកិច្ចសហការរវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងRT4D បានអនុវត្តដោយជោគជ័យ និងឈានមកដល់ការបិទបញ្ចប់នាពេលនេះ។

លោកបានបន្ថែមថា សមិទ្ធិផលដែលសម្រេចបាននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សហគ្រិនដែលជាជនមានពិការ ក្រុមការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានិងRT4Dដែលបានណាយពេលវេលាដ៏មានតម្លៃ ចូលរួមចាប់តាំងពីការប្រកាសគម្រោងរហូតដល់ពេលនេះ។

លោក សួន វិជ្ជា បានមានសង្ឃឹមយ៉ាងមុតមាំថាបន្ទាប់ពីគម្រោងនេះបិទបញ្ចប់ សហគ្រិនយើងទាំងអស់នឹងយកចំណេះដឹងដែលទទួលបាន ចំណេះដឹងនានាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ទៅប្រកបអាជីវកម្មរបស់ខ្លួនដើម្បី អភិវឌ្ឍផលិតផលនិងពង្រឹងការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់ខ្លួន នៅក្នុងទីផ្សារឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបានជំរុញលើកទឹកចិត្តដល់ សហគ្រិនជាជនមាន ពិការភាពរបស់យើងដែលទទួលបានការរចនាម៉ាកពាណិជ្ជកម្មរបស់ខ្លួនរួចរាល់នៅក្នុងគម្រោងនេះ យកទៅស្នើសុំចុះបញ្ជីម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដើម្បីអាចទទួលបានកិច្ចការពារម៉ាកសញ្ញារបស់ខ្លួនស្របតាមច្បាប់នាពេលខាងមុខ។

បន្ថែមពីនេះ លោកបានរំពឹងផងដែរថា កិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញានិងRT4D នឹងមានជាបន្តទៀតនាពេលខាងមុខ ដើម្បីផ្តល់ការគាំទ្រដល់វិស័យឯកជន ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានេះបន្ថែមទៀត។ ម៉្យាងវិញទៀតនាយកដ្ឋានកម្មសិទ្ធិបញ្ញា នឹងខិតខំធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព លឿន ឆាប់រហ័ស និងតម្លាភាព ព្រមទាំងពង្រឹងលើកិច្ចការផ្សព្វផ្សាយចំណេះដឹងសាធារណៈលើផ្នែកកម្មសិទ្ធិបញ្ញា ឱ្យបានទូលំទូលាយដល់សាធារណជនពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា, បណ្តុះបណ្តាល ជំនាញកម្មសិទ្ធិបញ្ញាដល់សហគ្រិនទូទៅនិងសហគ្រិនដែលមានពិការភាព, ជំរុញឱ្យសហគ្រាសមីក្រូតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា និងការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញារបស់ខ្លួន, ការអភិវឌ្ឍផលិតផលដោយប្រើប្រាស់កម្មសិទ្ធិបញ្ញា, និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។

ជាមួយគ្នានេះ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរំលឹកប្រាប់អង្គពិធីផងដែរថា គម្រោងរបស់ RT4D នេះត្រូវបានដាក់សម្ពោធក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីខែមិនា ឆ្នាំ២០២៤ នាពេលប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤។ គម្រោងនេះគឺជាបច្ច័យកើតចេញពីកិច្ចព្រមព្រៀងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (ASEAN Australia New Zealand Free Trade Agreement (AANZFTA)) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (The Regional Comprehensive Economic Partnership (RCEP)) ដែលផ្តល់ការគាំទ្រផ្នែកពាណិជ្ជកម្ម និងវិនិយោគសម្រាប់រដ្ឋជាសមាជិកអាស៊ានតាមរយៈគម្រោង RT4D។

ដោយមើលឃើញពីអត្ថប្រយោជន៍នៃគម្រោង RT4D សម្រាប់សហគ្រិនកម្ពុជា ជាពិសេសគឺសហគ្រិនជាជនមានពិការភាពនោះ ក្រសួងពាណិជ្ជកម្ម បានរៀបចំស្នើសុំគម្រោងនិងបានអនុវត្តគម្រោងនេះរហូតដល់ចប់នាពេលនេះ ហើយការចូលរួមអនុវត្តគម្រោងនេះ​គឺឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹង និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រិនកម្ពុជា។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចរចាបើកច្រកទីផ្សារថ្មីៗ ដើម្បីអាចនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែទូលាយ ព្រមជាមួយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ដែលនឹងជំរុញឱ្យកម្ពុជាមានកាលានុវត្តភាពខ្ពស់ ក្នុងការនាំចេញទំនិញកាន់តែច្រើនទៅតាមគោលដៅនៃឯកទេសនីយកម្មនៃទំនិញ ដែលកម្ពុជាផលិតបានទៅកាន់ទីផ្សារទាំងអស់នោះ។

លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម បានបន្តចូលរួមក្នុងកិច្ចការពារនូវទ្រព្យកម្មសិទ្ធិបញ្ញារបស់រូបវ័ន្តបុគ្គលនិងនីតិបុគ្គល តាមរយៈការចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មតាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញា បានសហការជាមួយគម្រោង RT4D ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលីនិងនូវែលហ្សេឡង់ បានរួមគ្នាអនុវត្តគម្រោងខាងលើនេះឡើង ក្នុងគោលដៅជួយដល់សហគ្រិនដែលជាជនមានពិការភាព ទទួលបានការបណ្តុះបណ្តាលផ្នែកកម្មសិទ្ធិបញ្ញា ដើម្បីអាចឱ្យពួកគាត់សិក្សានិងឈានទៅបង្កើតម៉ាកពាណិជ្ជកម្មរបស់ខ្លួនស្របច្បាប់។

លើសពីនេះ លោក​ អ៊ុក ប្រជា បានអំពាវនាវដល់សហគ្រិនទាំងអស់ ជាពិសេសសហគ្រិនមានពិការភាព រួសរាន់ក្នុងការចុះបញ្ជីម៉ាកដើម្បីទទួលបានការការពារស្របច្បាប់ ដែលការចុះបញ្ជីម៉ាកនេះមានសុពលភាពរយៈពេលរហូតដល់១០ឆ្នាំ។

សូមជម្រាបផងថា សហគ្រិនមានពិការភាពដែលបានចូលរួមគម្រោងនេះ បានទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងវាគ្មិនជំនាញផ្សេងៗ លើប្រធានបទមួយចំនួនរួមមាន មូលដ្ឋានគ្រឹះទស្សនទាននៃកម្មសិទ្ធិបញ្ញា, ការចែករំលែកអាជីវកម្មជោគជ័យតាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញា, ការរស់នៅប្រសើរជាមួយនឹងពិការភាព, លក្ខណៈនៃម៉ាកដែលមិនអាចចុះបញ្ជីម៉ាកបាន, អំពើប្រកួតប្រជែងមិនស្មោះត្រង់, ការអភិវឌ្ឍផលិតផល, ការកសាងកេរ្ត៍ឈ្មោះម៉ាក, យុទ្ធសាស្ត្រនៃការធ្វើទីផ្សារ, កម្មសិទ្ធិបញ្ញានិងសហគ្រាសធុនតូចនិងមធ្យម, ទស្សនទាននៃការច្នៃនិម្មិតសញ្ញា, និងប្រសិទ្ធភាពនៃការវេចខ្ចប់ផលិតផល ហើយសហគ្រិនដែលជាជនមានពិការភាពសរុបចំនួន ២០រូប ត្រូវបានទទួលការជួយគាំទ្រពីមន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា សម្រាប់ការផ្តល់មតិយោបល់លើការរចនាឡូហ្គូសម្រាប់ការស្នើសុំចុះបញ្ជីរបស់សហគ្រិនផងដែរ៕