(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា សិល្បៈខ្លះបានរស់រៀនមានជីវិតឡើងវិញ តែក៏នៅមានកម្រិតក្នុងការគាំទ្រ ដូចជាល្ខោនអាប៉េ ល្ខោនប្រាមោជ្ជទ័យ ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ជាដើម។

លោកថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការស្រាវជ្រាវនិងរំឭករំលេចតន្ត្រីប្រពៃណីខ្មែរ ដែលពុំសូវមានប្រជាប្រិយភាពក្នុងស្រទាប់សាធារណជន»

លោក ហាប់ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញនៅពេលបច្ចុប្បន្ននេះ ទម្រង់សិល្បៈមួយចំនួន បានមានការបាត់បង់ទាំងស្រុង។ ខ្លះទៀត ដោយការខិតខំប្រឹងប្រែងរបស់សិល្បករសិល្បការិនីយើង បានរស់រៀនមានជីវិតឡើងវិញ តែក៏នៅមានកម្រិត ដូចជាល្ខោនអាប៉េ ល្ខោនប្រាមោជ្ជទ័យ ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ជាដើម»

បើតាមលោក ហាប់​ ទូច ខ្មែរយើងមានភ័ព្វសំណាងនិងមោទនភាពខ្លាំងណាស់ ដែលជាប្រជាជនខ្មែរ និងរស់នៅក្នុងប្រទេសដែលមាន៖

* វប្បធម៌អរិយធម៌ខ្ពង់ខ្ពស់ ជាពិសេសវប្បធម៌អរិយធម៌អង្គរដ៏រុងរឿង (ស.វ. ទី៩-១៥)។ វប្បធម៌អរិយធម៌ខ្មែរ ជាវប្បធម៌អរិយធម៌ស្នូលនៅក្នុងពិភពលោក ជាពិសេសនៅតំបន់អាស៊ីយើងនេះ។
* «កម្ពុជាអច្ឆរិយ» «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» «វប្បធម៌ជាព្រលឹងរបស់ជាតិ» «វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិផ្កើងថ្កាន» ជាទិសនិងពាក្យស្លោកឆ្លុះបញ្ចាំងពីអច្ឆរិយភាពវប្បធម៌ និងប្រទេសជាតិខ្មែរ។

«សូមគិតនិងស្រមៃមើល មនុស្សដែលមានតែខ្លួនប្រាណ តែគ្មានព្រលឹង។ តើមនុស្សនោះរស់របៀបណា? តាមការស្រាវជ្រាវ យើងឃើញថាវប្បធម៌ខ្មែរដ៏រុងរឿងនិងសម្បូណ៌បែប រួមមានទាំងទម្រង់សិល្បៈទស្សនីយភាពជាង ២០ទម្រង់៖ តន្ត្រី ចម្រៀង កំណាព្យ របាំ និងល្ខោនជាច្រើនប្រភេទ។ល។ និង។ល» នេះបើតាមលោក ហាប់ ទូច។

ឆ្លៀតឱកាសនេះ លោកបានថ្លែងអំណរគុណចំពោះប្អូនៗនិស្សិតវាគ្មិន ដែលយកចិត្តទុកដាក់ ឈឺឆ្អាល ជួយពង្រឹងនិងពង្រីកមនសិការស្មារតីដើម្បីវប្បធម៌ជាតិដ៏មានតម្លៃកាត់ថ្លៃមិនបាន តាមរយៈកម្មវិធីសិក្ខាសាលានេះ។ ព្រឹត្តិការណ៍សិក្ខាសាលា គឺដើម្បីលើកកម្ពស់ការយល់ដឹង ភាពសុខដុមរមនា សន្តិភាព និងមនុស្សជាតិ។ លោកមានទំនុកចិត្តនិងជឿជាក់ថា កម្មវិធីនេះនឹងអនុញ្ញាតឱ្យយើងកសាង និងអភិវឌ្ឍ យុវជនជំនាន់ក្រោយ ព្រមទាំងការស្រឡាញ់នៃវប្បធម៌របស់ពួកគេ ស្របតាមគោលនយោបាយវប្បធម៌៖ អភិរក្ស ថែរក្សា ច្នៃប្រឌិត នវានុវត្តន៍ ទំនើបកម្ម អភិវឌ្ឃន៍ និងបង្កើតថ្មី។

លោក ហាប់ ទូច បានថ្លែងថា ទម្រង់សិល្បៈតន្ត្រី និងប្រធានបទថ្ងៃនេះ មិនសូវមានឱកាសបានសម្តែង បង្ហាញ ក៏ដូចជាមិនសូវមានប្រជាប្រិយភាព នៅក្នុងស្រទាប់សាធារណជន។ យុវជននិងយុវនារីខ្មែរខ្លះ មិនដែលទាំងឮឈ្មោះ ស្គាល់ ឬបានឃើញទម្រង់បុរាណកេរដំណែលដូនតារបស់យើងផង។ លោកបានថ្លែងអំណរគុណចំពោះ សមាគមមិត្តតន្ត្រីករ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វប្បធម៌តន្ត្រីខ្មែរ និងការជម្រុញការយល់ដឹងដល់ខ្មែរ ជាពិសេសយុវវ័យដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនទៅថ្ងៃអនាគត៕