(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកព្រលឹមថ្ងៃសុក្រទី២១ ខែមិថុនា ឆ្នាំ២០២៤នេះថា នៅក្នុងពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួន ដែលបានបង្ហោះវីឌីអូ និងរូបភាពចោទប្រកាន់មកលើមន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យថាចាំយកលុយឡើងភ្នំគិរីរម្យ មិនលើកលែងសូម្បីព្រះសង្ឃ ហើយស្ពានឆ្លងកាត់ក៏ទ្រុឌទ្រោម ខុសពីភ្នំបូកគោ និងលក់សំបុត្រមិនមានថ្ងៃខែឆ្នាំចុះត្រឹមត្រូវ ជារឿងធ្វើឱ្យសាធារណជន មានការភាន់ច្រឡំលើការអនុវត្តភារកិច្ច របស់មន្រ្តីប្រចាំការនៅតំបន់នោះ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា ជាក់ស្តែងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទទួលសិទ្ធិឱ្យប្រមូលចំណូលបណ្តោះអាសន្ន លើការលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» បានអនុវត្តន៍តាមប្រកាសអន្តរក្រសួង រវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសៀវភៅបន្ទុក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ចំពោះការប្រមូលចំណូលចូលទស្សនាឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ត្រង់ចំណុចប្រការ១៧ ស្តីពីការលក់សំបុត្រចូលទស្សនាក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្ត ត្រូវអនុវត្តន៍លើមុខសញ្ញាដូចជា៖ ទេសចរជាតិ និងអន្តរជាតិ ទោចក្រយានយន្ត រថយន្ត ប៉ុណ្ណោះ។ ដោយឡែកចំពោះសេវាការចូលទៅទស្សនា រម្មណីយដ្ឋានរបស់ ក្រុមហ៊ុនវិនិយោគលើភ្នំនោះ ជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន មិនមែនជាការអនុវត្តរបស់មន្រ្តីបរិស្ថានឡើយ។

ចំពោះស្ពានដែលមើលទៅថាមានស្ថានភាពទ្រុឌទ្រោមនោះ ជាក់ស្តែង ក្រសួងបរិស្ថានបានអនុញ្ញាត ឱ្យមានការសាងសង់ជាស្ពានថ្មថ្មី ។ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បាននិងកំពុងសិក្សា និងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើសុំឱ្យផេកនិងបណ្តាញសង្គម ដែលបានបង្ហោះនាពេលកន្លងមកពាក់ព័ន្ធករណីរបស់មន្រ្តីបរិស្ថាន យកថវិកាពីព្រះសង្ឃ ដើម្បីឡើងទៅលើភ្នំគីរីរម្យ នោះជារឿងមិនពិត។ អ្នកនាំពាក្យរូបនោះ សូមឱ្យសាធារណជនមេត្តាជ្រាបពីការពិត កុំមានការភាន់ច្រឡំ។ ឯកឧត្តម ខ្វៃ អាទិត្យា បានស្នើដល់សារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយ ធ្វើឱ្យមានការភាន់ច្រឡំ លើភារកិច្ចរបស់មន្រ្តីបរិស្ថាននៅខេត្តកំពង់ស្ពឺ ត្រូវធ្វើការកែសម្រួលឡើងវិញ ឬបញ្ឈប់ការចុះផ្សាយរបស់ខ្លួនជាបន្ទាន់ បើពុំនោះទេនឹងចាត់វិធានការច្បាប់៕