(កំពត)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា និង មន្ទីរពេទ្យ Inter Care នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានប្រគល់សម្ភារបរិក្ខារពេទ្យ ជូនដល់មន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ និងឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងព័ទជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងកម្មវិធីប្រគល់សម្ភារបរិក្ខារពេទ្យនេះ ក៏មានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធា និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង ៩០នាក់។ គោលបំណង ក្នុងការប្រគល់សម្ភារបរិក្ខារពេទ្យទៅដល់មន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ៣១ គឺដើម្បីចូលរួមចំណែកថែទាំសុខភាពរបស់កងកទ័ពដែលកំពុងប្រចាំការនៅតាមអង្គភាព ប្រជាជនក្នុងសហគមន៍ និងជាពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានវ័យចាស់ជរា ហើយកំពុងប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ។

នៅក្នុងឱកាសនោះដែរ លោក រស់ សំពៅ តំណាងមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានចែកអាវយឺត និងថង់យាម ជូនតា យាយ អ៊ំ ពូ មីង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោកគ្រូអ្នកគ្រូ និងក្រុមគ្រូពេទ្យមន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ៣១ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។

នៅចុងបញ្ចប់នៃកម្មវិធីលោក ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ ឡើងសម្តែងការអរគុណ និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់មន្ទីរពេទ្យ Inter Care និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានជួយឧបត្ថម្ភនូវសម្ភារបរិក្ខារពេទ្យសម្រាប់មន្ទីរពេទ្យនៃកងពលតូចថ្មើរជើងលេខ៣១។

បន្ទាប់ពីចប់កម្មវិធី លោក ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅទស្សនាអគារសហគមន៍ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ដែលសាងសង់ឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់ប្រជាជននៅក្នុងសហគមន៍ ពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកជួបជុំគ្នាដើម្បីប្រជុំពិភាក្សាទាក់ទងនឹងបញ្ហាសុខភាព និងនិយាយរៀបរាប់អំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម៕