(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូអង្គការអន្តរជាតិ Hasene នៃប្រទេសអាឡឺម៉ង់ ដែលជាផ្នែកមួយរបស់សហគមន៍ឥស្លាមទស្សនៈជាតិ IGMG (Islamic Community Milli‌ Go‌ru‌s‌) នៅការិយាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា (PPIC)។

ជំនួបនេះធ្វើឡើង បន្ទាប់ពីប្រតិភូខាងលើបានបញ្ចប់ការសម្លេះគោគួរបាន ក្នុងឱកាសពិធីបុណ្យរ៉យ៉ាហាជ្ជី ចែកជូនសាសនិកឥស្លាម នៅតាមបណ្តាខេត្តមួយចំនួន។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដល់ប្រតិភូខាងលើ ដែលបានអញ្ជើញមកកម្ពុជាក្នុងការសម្លេះគោចែកជូនសាសនិកឥស្លាម ជាពិសេសបានថ្លែងអំណរអរគុណដល់ លោក Kemal Ergün ប្រធានសហគមន៍ឥស្លាមទស្សនៈជាតិ IGMG និងលោក Bekir Altaş ប្រធានអង្គការ Hasene ដែលកន្លងមក បានជួយលើកិច្ចសហប្រតិបត្តិការ លើកិច្ចការមនុស្សធម៌ និងការងារផ្សេងៗទៀត នៅកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍ សង្គមជាតិទាំងមូល។

លោកបណ្ឌិតបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តមកសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ និងបានធានាមកនូវសុខដុមរមនា រវាងជាតិសាសន៍ និងសាសនា នៅកម្ពុជា ដោយគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។

លោកបណ្ឌិតបន្ថែមថា រាជរដ្ឋាភិបាលតែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា។

ជាមួយគ្នាដែរ លោកបានស្នើដល់អង្គការ IGMG ក៏ដូចជា Hasene ពិនិត្យលទ្ធភាពគាំទ្រកម្ពុជា លើវិស័យសំខាន់ៗ ក្នុងនោះដូចជាវិស័យអប់រំ ផ្នែកបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

លោក Ali İbrahim Eken តំណាងប្រតិភូអង្គការ Hasene បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងកក់ក្តៅជាខ្លាំង ដែលបានមកធ្វើការងារមនុស្សធម៌ នៅកម្ពុជានាពេលនេះ និងបានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។

លោកក៏បានសន្យាថា នឹងព្យាយាមក្នុងការជួយគាំទ្រលើវិស័យអាទិភាពនៅកម្ពុជា និងបន្តធ្វើសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល។

សម្រាប់ឆ្នាំ២០២៤ នេះ អង្គការអន្តរជាតិ Hasene បានផ្តល់ជំនួយគោគួរបានដល់កម្ពុជា ចំនួន ៣៧០ក្បាល ក្នុងនោះតាមរយៈអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ចំនួន ១៧០ក្បាល និងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា (IMAC) ចំនួន ២០០ ក្បាល។

សូមជម្រាបថាថា អង្គការអន្តរជាតិ Hasene បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត១០០ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការ CMDF និង IMAC មានដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាក (ហ្សាកាត់) ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម សរុបជាថវិកាជាង២លានដុល្លារ៕