(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ចើញបិទកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

ជាកិច្ចចាប់ផ្តើម បណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសស្វីស ដែលជាម្ចាស់ផ្ទះ និងគាំទ្រដល់ការរៀបចំកិច្ចប្រជុំពាក់កណ្តាលអាណត្តិនេះ ព្រមទាំងបានអរគុណដល់អង្គភាព GICHD ដែលជួយឧបត្ថម្ភគាំទ្រ និងសម្របសម្រួលដល់កិច្ចការរដ្ឋបាលផងដែរ។

លោកបណ្ឌិត លី ធុជ បានថ្លែងថា កិច្ចប្រជុំពាក់កណ្តាលអាណត្តិ គឺជាជំហានមួយដ៏សំខាន់នៅលើផ្លូវទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយព័ត៌មានថ្មីៗបានមកពីរដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា នឹងត្រូវបន្តពង្រឹង និងយកប្រើប្រាស់ជាធាតុចូលសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ក្នុងនាមជារដ្ឋភាគី លោក លី ធុជ បានស្នើសុំឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ ការអនុវត្តផែនការសកម្មភាពរយៈពេល ៥ឆ្នាំខាងមុខ។ ជាមួយគ្នានោះ រដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា ត្រូវបន្តពង្រឹងការប្តេជ្ញាចិត្តផ្នែកនយោបាយ និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពន្លឿនការអនុវត្តបន្ថែមទៀត និងឈានដល់គោលដៅរួមនៃអនុសញ្ញាអូតាវ៉ា៕