(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានជំរុញឱ្យ សមាជិកាសមាគមននារីទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្តកិច្ចការងារនេះ ឱ្យបានផុលផុសបន្តទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបា ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។ ដោយចូលរួមពីសំណាក់ គណៈកិត្តិយស និងគណៈប្រតិបត្តិ សាខាសមាគមនារីខេត្ត និងអនុសាខាសមាគមនារីមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង-ស្រុក។ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

លោកស្រីប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានបន្តលើកឡើងទៀតថា រយៈពេលកន្លងមកសមាគនារីខេត្តកំពត បានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មរបស់ខ្លួន ទាំងការងារមនុស្សធម៌ ការងារសង្គម ការរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន។

បច្ចុប្បន្ននារីនៅគ្រប់លំដាប់ថ្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងអណ្តត្តិទី៦ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានសហការជាមួយថ្នាកដឹកនាំគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន ដើម្បីគៀងគរប្រមូលផ្តុំកម្លាំងធនធាន ថវិកា សម្ភារ: និង មធ្យោបាយ ដើម្បីធ្វើការងារសង្គម ការងារមនុស្សធម៌ ការងារអភិវឌ្ឍន៍សហគមន៍ និងការងារជំនាញនៅតាមមូលដ្ឋាន និងមុខសញ្ញាដែលត្រូវទទួលខុសត្រូវដោយមិនខ្លាចការលំបាកនឿយហត់ ដើម្បីដោះស្រាយនូវបញ្ហាលំបាកខ្វះខាតផ្នែកសុខភាព ជីវភាព និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានបន្តថា ខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត គឺលោកតែងតែផ្តល់ឱ្យកាស និងលើកទឹកចិត្តដល់សមាគមនារីខេត្តឱ្យដើរតួនាទីសំខាន់ក្នុងកិច្ចការងារសង្គម ពិសេសការចូរួមអភិវឌ្ឍខេត្ត ដែលកន្លងមកសមាគមបានចូលរួមយ៉ាងសកម្មក្នុងការរូមចំណែកអភិវឌ្ឍន៍ខេត្ត ការងារមនុស្សធម៌ និងសកម្មភាពផ្សេងទៀត ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញស្ត្រី និងកុមារ និងជនងាយរងគ្រោះឱ្យទទួលបាននូវសិទ្ធិការពារ និងផលប្រយោជន៍តាមរយៈការកែប្រែឥរិយាបថសង្គមឱ្យទទួលស្គាល់ស្ត្រីជាដៃគូ ដ៏សំខាន់ នៅក្នុងការអភិវឌ្ឍសង្គម។

ជាមួយគ្នានោះដែរ លោកស្រីប្រធានសមាគមនារីខេត្ត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាជិកា សាខាសមាគមនារីខេត្ត និងអនុសាខាសមាគមនារីមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង-ស្រុក គ្រប់លំដាប់ថ្នាក់ និងនៅគ្រប់មូលដ្ឋានទូទាំងខេត្តកំពត ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត ថវិកា ស្មារតី និងឆន្ទៈខ្ពស់ ក្នុងការចូលរួមទ្រទ្រង់រាល់សកម្មភាពការងាររបស់សាខាសមាគមនារី ឱ្យកាន់តែល្អប្រសើរ ពិសេសបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមកដោយទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។

ក្នុងឱកាសនោះដែរ លោកស្រី អ៊ុន សុគន្ធា អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានធ្វើការលើកទឹកចិត្តដល់មន្រ្តីរាជការស្រ្តីដែលកំពុងបំរើការងារ ក្នុងគោលបំណងអភិវឌ្ឍន៍ លើកកម្ពស់សម្ថភាព នៅក្នុងស្ថាប័ន ក៏ដូចជាអង្គភាព ធ្វើយ៉ាងណាឱ្យក្លាយជាអ្នកដឹកនាំ និងជាម្តាយល្អដើម្បីទទួលបានសន្តិភាព និងសុភមង្គលនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ។

លោកស្រីអនុប្រធានក៏ បានជំរុញឱ្យសមាជិការ សមាគមនារីខេត្តកំពតទាំងអស់ ត្រូវអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរ ពង្រឹងចំណេះដឹងរបស់ខ្លួនឱ្យមានការវិវត្តន៍រីកចម្រើនជាលំដាប់ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្ថាប័នដ៏ទៃ និងផ្នែកឯកជន ដើម្បីលើកកម្ពស់ស្រ្តី និងធានាការផ្តល់សេវាជូនប្រជាជនឱ្យកាន់តែល្អប្រសើរថែមទៀត ដូចជាការខិតខំការពារនូវសមិទ្ធផលដែលបានកសាង សំដៅរួមចំណែកឱ្យសម្រេចគោលដៅនៃការកាត់បន្ថយភាពក្រីក្រ៕