(មូស្គូ, រុស្ស៊ី)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាជាមួយនាយឧត្តមសេនីយ៍ Oleg Salyukov អគ្គមេបញ្ជាការកងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី។

សូមបញ្ជាក់ថា ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ អាឡិកសាលលូកូវ (Oleg Salyukov) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពសហព័ន្ធរុស្ស៊ី។

នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងរុស្ស៊ី នឹងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-រុស្ស៊ី ដើម្បីជំរុញសន្ទុះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ ក្នុងស្មារតីមិត្តភាពជាប្រពៃណី ជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមក៕