(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក បានស្នើដល់អង្គការដៃគូ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាពង្រឹង និងពង្រីកសេវាថែទាំ ព្យាបាលភ្នែកប្រកបដោយគុណភាពនៅតាមតំបន់ផ្សេងៗបន្ថែមទៀត ក្រៅពីខេត្ដចំនួន ៦ ដែលមានស្រាប់ ដើម្បីគ្របដណ្ដប់ការផ្ដល់សេវាសុខភាពភាព ជូនដល់ប្រជាពលរដ្ឋឱ្យបាន១០០%។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ «ឆ្លុះបញ្ជាំងស្តីពីការអនុវត្តកម្មវិធីសុខភាពភ្នែក» ដែលរៀបចំដោយកម្មវិធីជាតិសុខភាពភ្នែក (NPEH) នៃក្រសួងសុខាភិបាល និងអង្គការដៃគូមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) ក្រោមការអនុញ្ញាតពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ។

លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងបន្ដថា កន្លងមកនេះ អង្គការមូលនិធិហ្រ្វេដហូឡូ បានជួយគាំទ្រទៅមន្ទីរសុខាភិបាលខេត្ដគោលដៅទាំង ៦ យូរឆ្នាំមកហើយ រួមមាន មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ កណ្តាល ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។ ក្នុងនោះគឺឃើញថាលទ្ធផលជាទីមោទនសម្រាប់កម្មវិធីជាតិសុខភាពភ្នែក ឬជាមោទនភាពមួយរបស់ដៃគូ និងក្រសួងស្ថាប័នផ្សេងៗ ដែលបានខិតខំប្រឹងប្រែងជួយដល់កម្មវិធីជាតិសុខភាពភ្នែក ពិសេសការរួមគ្នាកាត់បន្ថយភាពពិការភ្នែកជូនដល់ប្រជាពលរដ្ឋយើងទាំងម្ដង។

តាងនាមកម្មវិធីជាតិ សុខភាពភ្នែក ក៏ដូចជាក្រសួងសុខាភិបាល គឺពិតជាមានមោទនភាពណាស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការដៃគូ និងសមាគមគ្រូពេទ្យភ្នែក ដែលជាអ្នកបច្ចេកទេស ដើម្បីជួយពង្រឹងដល់សមត្ថភាព និងជំនាញក្រុមគ្រូពេទ្យយើងទាំងអស់គ្នា និងសូមអរគុណដល់ក្រសួងដៃគូនានា រួមមាន ក្រសួងកិច្ចការនារី ក្រសួងអប់រំ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាដើម ដែលបានខិតខំប្រឹងប្រែងរួមគ្នាកន្លងមកនេះ។

លោកសាស្ដ្រាចារ្យបានបន្ដថា «ប៉ុន្ដែក្រៅពីសមិទ្ធិផលដែលសម្រេចបានហើយនោះ យើងក៏នៅមានបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក យើងអាចយកមកកែសម្រួល ដើម្បីអនុវត្ដ និងលើកទិសដៅនៃកិច្ចសហប្រតិបត្តិការបន្ត រវាងកម្មវិធីជាតិសុខភាពភ្នែក និងអង្គការមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) ដែលជាអង្គការដៃគូជួយគាំទ្រដល់ខេត្តទាំង៦ ព្រមទាំងមានកិច្ចសហការពីក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) និងសមាគមគ្រូពេទ្យភ្នែកកម្ពុជា (COS) ដើម្បីជួយដល់សុខភាពភ្នែកនៅតាមបណ្តាខេត្តនានាឱ្យកាន់តែប្រសើរឡើង ដើម្បីឈានទៅរកការកាត់បន្ថយភាពពិការភ្នែកនៅកម្ពុជា ឱ្យនៅទាបបំផុតត្រឹម ០.៣៥% នៅឆ្នាំ២០៣០ ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល»

លោកសាស្ដ្រាចារ្យបានបន្ដថា «រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ក្នុងនោះក៏មានសុខភាពភ្នែកផងដែរ ដូច្នេះសូមស្នើដល់អង្គការដៃគូ ពង្រឹង និងពង្រីកសេវាបន្ថែមនៅតាមតំបន់ផ្សេងថែមទៀត ដើម្បីធ្វើយ៉ាងម៉េចឱ្យសេវាសុខភាពភ្នែកនេះឱ្យកាន់តែគៀរប្រជាពលរដ្ឋយើង។ លើសពីនោះសំណូមពរដល់អ្នកផ្ដល់សេវាទាំងអស់ ជូនដល់ប្រជាពលរដ្ឋ កុំរើសអើងឱ្យសោះ អត់លុយ អត់វះ អត់ព្យាបាលឱ្យសោះ គឺត្រូវតែជួយគ្នាដោយការពិនិត្យវះកាត់ដោយឥតគិតថ្លៃចំពោះអ្នកគ្មានលទ្ធភាព»។

សូមជម្រាបថាក្នុងកិច្ចប្រជុំខាងលើនេះ កម្មវិធីជាតិសុខភាពភ្នែក ក៏បានប្រគល់ជូន នូវឧបករណ៍ សម្ភារៈបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ក្នុងការវះកាត់ជំងឺបាយភ្នែក (Cataract Set) ដល់មន្ទីរសុខាភិបាលខេត្តគោលដៅទាំង ៦ផងដែរ៕