(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា និងពិធីសារនានា កម្ពុជាសូមប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រដ្ឋាភិបាល ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀន លែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។

សម្រាប់ឆ្នាំ២០២៤នេះ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) បានកំណត់ឱ្យមានការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់» (The Evidence is clear: Invest in Prevention) ក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន តាមរយៈការជំរុញ និងលើកទឹកចិត្តជនគ្រប់រូប គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឱ្យចូលរួមកាន់តែសកម្មថែមទៀត ជាពិសេសលើការងារផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់រាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។

ដោយឡែកនៅកម្ពុជាបានចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកទាំងអស់ នៅលើសកលលោក ដោយបានរៀបចំឱ្យមានការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំង២៥ រាជធានី-ខេត្ត ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្នុងគោលបំណងបន្តបំផុស និងដាស់តឿនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន យុវនារី កម្មករ កម្មការនី និស្សិត និងសិស្សានុសិស្ស ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែល បង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយ គឺចាត់ទុកបញ្ហា គ្រឿងញៀនជាបញ្ហារួម និងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាយ៉ាងដូច្នេះថា «ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញានិងពិធីសារនានា ខ្ញុំសូមធ្វើការប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏ មោះមុតបំផុតដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ»

សម្តេចធិបតីបានឱ្យដឹងថា យោងតាមរបាយការណ៍ស្តីពី ស្ថានភាពគ្រឿងញៀនពិភពលោក របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និន្នាការនៃការដាំដុះ ការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀនទាំងនៅក្នុង និងក្រៅតំបន់ មិនទាន់មានការថយចុះឡើយ។ វិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩ វិបត្តិជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ សង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា មិនបានរារាំងបង្អាក់ សកម្មភាពក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះឡើយ ផ្ទុយទៅវិញបានបង្កើតជាឱកាស សម្រាប់បង្កើនការធ្វើសកម្មភាព លួចលាក់ផលិត កែច្នៃ ចរាចរ និងជួញដូរគ្រឿងញៀនពីកន្លែងមួយទៅកន្លែងមួយ និងពីប្រទេសមួយទៅ ប្រទេសមួយទៀត ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព និងបង្កើតសោកនាដកម្មគ្រប់បែបយ៉ាង ច្រើនរាប់មិនអស់ដល់ប្រជាពលរដ្ឋរាប់លាននាក់ នៅលើសកលលោក ហើយក្នុងនោះកម្ពុជានៅតែទទួលរងឥទ្ធិពល អវិជ្ជមានទាំងនេះ ដែលបណ្តាលឱ្យករណីប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ នៅតែបន្តកើតមាន និងរីករាលដាលដល់ជនបទផងដែរ។

ជាក់ស្តែងក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កន្លងទៅនេះ បទល្មើសគ្រឿងញៀនជាច្រើនពាន់ករណីត្រូវបានបង្ក្រាប ចាប់បានគ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធគ្រប់ប្រភេទ ព្រមទាំងសារធាតុគីមីផ្សំ ជាច្រើនតោនត្រូវបានចាប់យក ហើយជនសង្ស័យជាច្រើនពាន់នាក់ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បី ផ្តន្ទាទោសតាមច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ឆ្លើយតបនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានប្តេជ្ញាចិត្តបន្តដើរតាមមាគ៌ាដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបន្តចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាទិសដៅអាទិភាព តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ វិធានការគន្លឹះទាំង៥ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និង ភាពសុខុដុមរមនាក្នុងសង្គមជាតិ ព្រមទាំងបានបន្តចូលរួមយ៉ាងសកម្ម ក្នុងគ្រប់យន្តការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី ពហុភាគី នៅក្នុងអនុតំបន់ តំបន់ និងលើសកលលោក»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀននៃអាណត្តិថ្មីនេះ ត្រូវបានមតិជាតិ និងអន្តរជាតិទទួលស្គាល់ថាជាយន្តការដ៏រឹងមាំនិងប្រកបដោយ វិសាលភាពធំធេងតាមរយៈការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំ ដោយមានឧបនាយករដ្ឋមន្ត្រីចំនួន ៤រូប ក្នុងនោះ១រូប ជាប្រធាន ៣រូបជាអនុប្រធាន ទេសរដ្ឋមន្ត្រី១រូប ជាអនុប្រធានប្រចាំការ រួមជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនទៀត ជាសមាជិក និងបានបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពរឹងមាំ មុតស្រួច ស៊ីជម្រៅ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពទៅនឹងស្ថានភាពជាក់ស្តែងនៃបញ្ហាគ្រឿងញៀន ទាំងនៅកម្រិតថ្នាក់ជាតិនិងអន្តរជាតិ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ជាមួយនឹងការបន្តអនុវត្តមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ ភាពស្អាតស្អំ និងភាពជាគំរូ នៃការអនុវត្តច្បាប់ តាមរយៈបទបញ្ជាលេខ០១ បប ក្នុងការមានវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រី ជាប់កិច្ចសន្យា ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ព្រមទាំងទទួលការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ អនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បី «សម្អាតចកកខ្វក់ចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ»

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្លងតាមការស្រាវជ្រាវ និងបទពិសោធកន្លងទៅទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ បានបង្ហាញឱ្យឃើញច្បាស់ថា វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនាបរិការណ៍បច្ចុប្បន្ន គឺការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យជាច្រើនដូចជា វិស័យអប់រំ កីឡា សាសនា វប្បធម៌ សិល្បៈ។ល។
ការចូលរួមវិនិយោគពីគ្រប់វិស័យលើការងារលើកកម្ពស់ការផ្សព្វផ្សាយ និងអប់រំ គឺជាកម្លាំងចលករមិនអាចខ្វះបាន របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបញ្ហាគ្រឿងញៀនលែងជាឧបសគ្គរារាំង ក្នុងការអភិវឌ្ឍសង្គមជាតិ ដែលឆ្លើយតបទៅនឹងប្រធានបទគោល របស់អង្គការសហប្រជាជាតិគឺ «ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់»