(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (គ.ហ.ស.) នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូ-អភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ «ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ១ឆ្នាំ ២០២៤»

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ និង តំណាងអង្គការមិនមែនរាជរដ្ឋាភិបាល។

ផ្អែកតាមរបាយការណ៍វឌ្ឍនភាព កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ១ ឆ្នាំ២០២៤, ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងផែនការសកម្មភាពនៃអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន បន្តមានចលនាការ និងវឌ្ឍនភាពល្អតាមការគ្រោងទុក ។ ទោះបីជាយ៉ាងនេះក្ដី, ស្ថានភាពហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងបន្តប្រឈមហានិភ័យ ក្នុងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌហិរញ្ញវត្ថុសាកល ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញ នូវវិធានការឆ្លើយតបភ្លាមៗ ដើម្បីទ្រទ្រង់កំណើន និងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច ។

ក្នុងស្មារតីនេះ, សកម្មភាពកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅតែដើរតួនាទីសំខាន់ ក្នុងការបន្តនិរន្តរភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ «យុទ្ធសាស្រ្ដកៀរគរចំណូល ឆ្នាំ២០២៤-២០២៨», «ឯកសារគោលស្តីពីការកែ ទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ» និង «ឯកសារគោល ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ» ត្រូវបន្តរៀបចំ និងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ ដើម្បីជំរុញប្រសិទ្ធភាពការងារ ជាពិសេសពង្រឹងប្រសិទ្ធភាព ក្នុងការកៀរគរចំណូលថែមមួយកម្រិតទៀត ។

«ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)», «ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)» និង «ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ (NRMIS)» ត្រូវបានដាក់ឱ្យប្រើប្រាស់ ក៏ដូចជាពង្រីកការប្រើប្រាស់ ដល់រដ្ឋបាល ឃុំ សង្កាត់ ទូទាំងប្រទេស។ ការធ្វើសន្ធានកម្មលើមុខងារមួយចំនួននៃប្រព័ន្ធទាំងនេះក៏ជាកិច្ចការសំខាន់ និងត្រូវបានគិតគូរ ដោយភាគីពាក់ព័ន្ធផងដែរ ទន្ទឹមជាមួយនឹងការបន្ដវិនិយោគលើប្រព័ន្ធ FMIS ដែលជាប្រព័ន្ធស្នូល ។ ជាមួយគ្នានេះ, ដើម្បីបន្តពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ត្រូវបានអនុម័ត និងផ្សព្វផ្សាយជាលើកដំបូង ដែលជាមូលដ្ឋានក្នុងការរៀបចំថវិកាសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ។
ការលើកកម្ពស់តម្លាភាពថវិកាមានវឌ្ឍនភាពល្អ ដោយពិន្ទុនៃការអង្កេតលើការបើកចំហថវិការបស់កម្ពុជាបា នកើនឡើងដល់ ៤៣ ពិន្ទុ ក្នុងឆ្នាំ២០២៣ (កើនឡើង ១០ ពិន្ទុ ធៀបនឹងឆ្នាំ២០២១) ។ ទន្ទឹមនឹងនេះ, អនុក្រឹត្យស្តីពីគុណវុឌ្ឍិមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ទទួលបានការអនុម័តផងដែរ ដែលការអនុវត្តគតិយុត្តនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងកម្មវិធីបណ្តុះបណ្តាល និងការតែងតាំងមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ជារួម, ការត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ១ ឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ ក្នុងការបន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកា ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ ក្នុងខណៈដែលស្ថានភាពសេដ្ឋកិច្ចក្រៅប្រទេស មានភាពមិនប្រាកដប្រជាខ្ពស់។

ដោយឡែក, នៅក្នុងជំហានដំបូងនៃការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម, ក្រសួង-ស្ថាប័ន គឺជាតួអង្គសំខាន់ ដែលត្រូវបានលើកទឹកចិត្ត និងជំរុញឱ្យមានការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍នានា មុននឹងឆ្ពោះទៅរកការវាយតម្លៃលើសមិទ្ធកម្មពេញលេញនៅឆ្នាំបន្តបន្ទាប់ ។

ផ្អែកលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ, តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានអបអរសាទរចំពោះ រាជរដ្ឋាភិបាលដែលសម្រេចបាននូវសមិទ្ធផលល្អ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ក៏បានផ្តល់នូវមតិយោបល់ និងការស្នើសុំមួយចំនួន សំដៅចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល រួមមាន៖ ការពង្រឹងការកៀរគរចំណូល, ការគ្រប់គ្រងវិនិយោគសាធារណៈ, ការអនុវត្តប្រព័ន្ធ FMIS, ការពង្រឹងប្រព័ន្ធស្ថិតិជាតិ និងការបន្តលើកកម្ពស់តម្លាភាពថវិកា ។ល។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ និងបានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន បន្តជំរុញការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី ៤ នៅត្រីមាសបន្ទាប់ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕

អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយភាពបុរេសកម្ម ៕