(ភ្នំពេញ)៖ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឬស្សីកែវ ដោយមានការអមដំណើរពីមន្ត្រីខណ្ឌ-សង្កាត់ តំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ បានឆ្លៀតឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយការនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនប្រជាពលរដ្ឋ ចាស់ជរា និងមានជម្ងឺ ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះនៅតាមបណ្ដាភូមិ-សង្កាត់ចំនួន៤ផ្សេងគ្នា ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗមួយចំនួនក្នុងបន្ទុកគ្រួសារ។

សកម្មភាពនៃការចែករំលែក និងការចេះជួយគ្នានូវគ្រាលំបាក ពីសំណាក់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ ចំពោះប្រជាពលរដ្ឋក្រីក្រនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់នៅតាមភូមិ -សង្កាត់ចំនួន៤ ដូចជាសង្កាត់ប្ញស្សីកែវ, សង្កាត់ស្វាយប៉ាក, សង្កាត់ទួលសង្កែទី២, និងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី សួស សូលីដា ឋិតក្នុងឱកាសប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភនេះដែរ, បានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលជួបការលំបាក និងជួបខ្វះខាតគ្រប់ក្រុមគ្រួសារ សូមឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ និងធ្វើយ៉ាងណាដើម្បីចៀសឱ្យផុតពីការឆ្លងជម្ងឺដង្កាត់ផ្សេងៗ ហើយត្រូវមានក្ដីសង្ឃឹមជានិច្ច ក្នុងជីវិតលើការតស៊ូ តាមរយៈការរស់នៅដោយមានអនាម័យជាប់ជាប្រចាំ និងខិតខំរិះរកមធ្យោបាយ សម្រាប់ប្រកបមុខរបររកស៊ីទទួលទានចិញ្ជឹមបន្តទៀត ពីសំណាក់លោកអភិបាលខណ្ឌឬស្សីកែវ ពិសេសអភិបាលរាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលជួបការខ្វះខាតទាំងអស់ និងបន្ទាប់ពីទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកា ក្នុង១គ្រួសារៗស្មើៗគ្នា ដើម្បីដោះស្រាយបញ្ហាជីវភាពក្នុងបន្ទុកមួយចំនួននេះដែរ, បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ចំពោះក្រុមការងាររដ្ឋបាលខណ្ឌ-សង្កាត់ ព្រមទាំងអភិបាលខណ្ឌឬស្សីកែវ និងអភិបាលរាជធានីភ្នំពេញ តាមរយៈលោកស្រី សួស សូលីដា និងក្រុមការងារ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕