(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន នៅទីស្ដីការក្រសួងព័ត៌មាន។

គោលបំណងនៃអនុស្សរណៈនេះដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មាន ទាំងអត្ថបទ រូបភាព និងវីដេអូរបស់ក្រសួងទេសចរណ៍ ឱ្យបានលឿន រហ័ស ទាន់ពេលវេលា ប្រកបដោយគុណភាព ទៅដល់សាធារណៈជន តាមគ្រប់ទម្រង់ និងមធ្យោបាយនៃការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ។

បន្ថែមលើនោះ ក៏មានកិច្ចសហការផលិតនូវមាតិកានានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ឱ្យកាន់តែសម្បូរបែប ស្របតាមសម័យកាលនៃព័ត៌មានឌីជីថល និងដើម្បីចូលរួមធ្វើឱ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើងជាលំដាប់៕