(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេស ក្រុម MMO ឱ្យបញ្ឈប់ជញ្ជ្រំផ្សាយ ព័ត៌មានឃាតកម្ម ហើយងាកមកធ្វើមាតិការអប់រំវិញ ដើម្បីចំណេញនយោបាយជាតិ។

លោកបណ្ឌិតបានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ការផ្សព្វផ្សាយជញ្ជ្រំដដែលព័ត៌មានឃាតកម្មឃោរឃៅ បានធ្វើឱ្យ បំបាក់ផ្នត់គំនិតខ្មែរ ដែលនាំគ្នាជជែកតែរឿងឃាតកម្ម ហើយម្យ៉ាងទៀត ការផ្សព្វផ្សាយបែបនេះអាចធ្វើឱ្យអន្តរជាតិមើលងាយ មិនថា ទេសចរ ឬ អ្នកវិនិយោគនោះទេ វាអាចធ្វើឱ្យគេខ្លាចមិនហ៊ានមកកម្សាន្តឬ វិនិយោគនៅកម្ពុជា ។

លោកបណ្ឌិត បានបន្តថា «លើសពីនេះចំពោះ MMO ឬ បណ្ដាញសង្គមបានយក រូបភាពឧកញ៉ាមកលេងសើចដែលអាចប៉ះពាល់ដល់ជនរងគ្រោះ២នាក់គូដណ្ដឹងដែលបានស្លាប់ទៅ មិនគោរពដល់វិញ្ញាណខ័ន និង​បាត់បង់អស់នៅក្រមសីលធម៌ និងធ្វើឱ្យកម្ពុជាអព្វមុខមាត់ថែមទៀត»

លោកបណ្ឌិត បានបន្តទៀតថា ការដែលផ្សព្វផ្សាយ ដើម្បីឱ្យបុគ្គលរៀងចាលកំហុសបែបនេះជារឿងល្អហើយ ប៉ុន្តែយើងត្រូវដឹងអំពីរបៀបផ្សាយ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកបណ្ឌិតក៏សំណូមពរដល់ព័ត៌មានអាជីព ព័ត៌មានMMO និងព័ត៌មានពលរដ្ឋ គួរមកងាកធ្វើមាតិកាព័ត៌មានខ្លីៗពីផលិតផលជាតិ ឬការអប់រំ ឬគតិបណ្ឌិតវិញទើបល្អ ចំពោះជាតិយើង ដែលកំពុងរងនឹងវិបត្តិសេដ្ឋកិច្ចសកល។

កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មបង្កឡើងដោយ ឧកញ៉ា ស្រី ស៊ីណា ដែលបានចូលទៅផ្ទះជនរងគ្រោះ ហើយបាញ់សម្លាប់ ២នាក់គូដណ្ដឹងដែលជាម្ចាស់ផ្ទះ និងបាញ់មនុស្ស២នាក់ទៀតរងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោរ គម្រោងទី៧ ខណ្ឌច្បារអំពៅ។ ករណីនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន យកតែកែច្នៃ និងកាត់តបបន្ថែម ផ្សព្វផ្សាយគ្មានសីលធម៌ ដើម្បីទទួលបានអ្នកមើលច្រើនជាដើម៕