(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យស្ថាប័នមនុស្សធម៌ដ៏ធំមួយនេះ បន្ដបេសកកម្មការងារជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតនៅកម្ពុជា។

ការថ្លែងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលបាននាំយកថវិកាសរុបចំនួន ១,៥៥៥,៥៥៥ដុល្លារអាមេរិក មកជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ពិធីខាងលើនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នាទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ក្នុងនាមកាកបាទក្រហមកម្ពុជា សហការីទាំងអស់ និងក្នុងនាមខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់សប្បុរសជនទាំងឡាយ រួមទាំងសមាគមឧកញ៉ាកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណចំពោះទឹកចិត្ដដ៏សប្បុរសរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ដែលក្នុងថ្ងៃនេះ បានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ថវិកាដោយផ្ទាល់ ហើយសម្រាប់ការជួយឧបត្ថម្ភគាំទ្ររបស់សមាគមឧកញ៉ាកម្ពុជានៅថ្ងៃនេះ មិនមែនទើបតែធ្វើនោះទេ គឺបានចូលរួមបរិច្ចាគទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងពិធីសំណេះសំណាលខាងលើនេះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខ និងព្រះរាជអំណរគុណពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ជាសប្បុរសជនទាំងអស់។

ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជម្រាបជូនពីប្រវត្តិ និងវឌ្ឍនភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែលតែងតែពង្រឹង និងពង្រីកជាបន្ដបន្ទាប់ដោយមិនឈប់ឈរ ក្នុងបុព្វហេតុមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងហានិភ័យពីគ្រោះមហន្ដរាយធម្មជាតិផ្សេងៗរួមទាំងទឹកជំនន់ជាដើម។ លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ក៏បានគូសរម្លឹកពីសកម្មភាពកន្លងមក ក្នុងការចុះជួយដល់ប្រជាពលរដ្ឋទៅដល់ភូមិស្រុក និងតំបន់ដាច់ស្រយាលនដែលកំពុងជួបបញ្ហាប្រឈមពិតប្រាកដ និងបានយ៉ាងទាន់ពេលវេលា ក្រៅពីសកម្មភាពជួយផ្ដល់ជាអណ្ដូងទឹក ជីកស្រះទឹក ការសាងសង់ផ្ទះ ជូនដល់មនុស្សចាស់ជរា ឬស្ដ្រីមេម៉ាយកូនច្រើនឥតទីពឹង រួមទាំងបេសកកម្មការងារមនុស្សធម៌ជាច្រើនទៀត ជួយដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងឆ្នាំៗ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ថែមថា សមិទ្ធផលទាំងនេះ គឺបានមកពីការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែចូលរួមជាកម្លាំងសាមគ្គីគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីឱ្យស្ថាប័នមនុស្សធម៌មួយនេះ បន្ដដំណើរទៅមុខជានិរន្ដន៍ សម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតទំាងអស់ ដោយមិនរើសអើង និងប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

កាន់តែពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលប្រជាពលរដ្ឋកម្ពុជាបានប្រសិទ្ធនាមថា «មាតាមនុស្សធម៌» គឺបានគ្រប់គ្រង និងដឹកនាំប្រកបដោយតម្លាភាពខ្ពស់ ពិសេសបានពង្រឹង និងពង្រីកទាំងគុណភាព សមត្ថភាព និងធនធានមនុស្ស នៅគ្រប់សាខាកាកបាទក្រហមកម្ពុជាទាំង២៥ខេត្ដក្រុង នៅតាមភូមិស្រុក ទាំងអ្នកស្ម័គ្រចិត្ដ និងយុវជនកាកបាទក្រហមកម្ពុជា ខ្ទង់ម៉ឺននាក់នៅទូទាំងប្រទេស។

នៅក្នុងឱកាសដ៏ប្រពៃនេះដែរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងនាមប្រធានសមាគមឧកញ៉ាកម្ពុជា បានសម្ដែងនូវអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្តល់កិត្តិយសដល់សមាគម ក្នុងការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងបានផ្តល់ឱកាសដ៏វិសេសវិសាល សម្រាប់សមាជិកសមាគមឧកញ៉ា ចំនួន៧២រូប ដែលបានបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នៅក្នុងឱកាសដ៏ប្រពៃនេះ លោកអ្នកឧកញ៉ា បានបន្ដថា «ខ្ញុំបាទបាននាំយក ថវិកាចំនួន ១,៥៥៥,៥៥៥ដុល្លារអាមេរិក ដែលជាការបរិច្ចាគរបស់សមាជិក សមាជិកា ក្នុងនោះក៏មានថវិកា របស់សមាគមឧកញ៉ាផ្ទាល់ចំនួន ១១១,១៦៧ដុល្លារអាមេរិក ដើម្បីប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣ សមាគមឧកញ៉ា បានប្រមូល និងប្រគល់ថវិកា ចំនួន ជាង១លានដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជាផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាគមឧកញ៉ា ក៏បានសូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ដើម្បីជូននូវ «ពានមាសឧកញ៉ា» របស់សមាគមឧកញ៉ាកម្ពុជា ដែលជាពានដ៏ វិចិត្រ និងមានអត្ថន័យធំធេង សម្រាប់សមាគមឧកញ៉ា ដើម្បីជាការដឹងគុណ ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការលះបង់ សព្វបែបយ៉ាងក្នុងបុព្វហេតុមនុស្សធម៌ សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕