(ភ្នំពេញ)៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំអបអរសាទរ ពិធីសំណេះសំណាល និងប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងរំលឹកដឹងគុណ នូវវីរភាពអង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធដែលជាគំរូ នៃឆន្ទៈស្នេហាជាតិពិតប្រាកដ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។

ជាមួយគ្នានោះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកលោកស្រីប្រធានកិត្តិយស ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមបណ្តាខណ្ឌទាំង១៤ និងសមាជិកសមាជិកាសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញសរុប៣២០នាក់។

ក្នុងឱកាសនោះ គណៈអធិបតីក៏បានឧបត្ថម្ភថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ចំនួន៣២០នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល៕