(សៀមរាប)៖ ក្លោងទ្វារវត្តចំនួនពីរ រួមទាំងសមទ្ធិផលនានា មានដូចជាការជួសជុលកែលំអរព្រះវិហារ ការជាវដីដើម្បីកសាងសាលាបឋមសិក្សាលោមព្រលឹង និងការចាក់ដីពង្រីកទីធ្លា នៅក្នុងវត្តលោមព្រលឹង ដែលស្ថិតនៅក្នុងភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមានកាអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរស្រុកសូទ្រនិគម ពុទ្ធបរិស័ទ និងសិស្សានុសិស្សប្រមាណជា ៨០០ នាក់ចូលរួម។

ព្រះគ្រូ ចរណធម្មោ វិន ថៃ ព្រះគ្រូចៅអធិការវត្តលោមព្រលឹង បានមានសង្ឍដីថា វត្តនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨២៥ ដែលមកដល់បច្ចុប្បន្ន គឺមានអាយុកាល១៩៩ឆ្នាំហើយ។ បច្ចុប្បន្ននេះ វត្តលោមព្រលឹងមានព្រះសង្ឃគង់នៅសរុបចំនួន ៣២អង្គ ក្នុងនោះ ភិក្ខុ ៧អង្គ សាមណេរ ២៥អង្គនិងមានរចនាសម្ពន្ធ ដែលមានចៅអធិការ គ្រូសូធ្យស្តាំ/ឆ្វេងត្រឹមត្រូវតាមច្បាប់។ ដោយឡែកនៅក្នុងវិស័យសាលាពុទ្ធិកសិក្សា ក៏បានចាប់បើកឱ្យសិក្សារៀនសូត្រនៅក្នុងឆ្នាំ២០២៤នេះផងដែរ។

ព្រះគ្រូចៅអធិការមានសង្ឃដីកាថា ក្លោងទ្វារវត្តចំនួនពីរ រួមទាំងសមទ្ធិផលនានា មានដូចជាការជួសជុលកែលំអព្រះវិហារ ការជាវដីដើម្បីកសាងសាលាបឋមសិក្សាលោមព្រលឹង និងការចាក់ដីពង្រីកទីធ្លាដែលយើងកំពង់ធ្វើបុណ្យឆ្លងនាពេលនេះ។ សមទ្ធិផលទាំងនេះ គឺបានមកពីការខិតខំរបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ ជាអ្នកឧបត្ថម្ភ ព្រមទាំងមានការផ្តួចផ្តើម និងសទ្ធាជ្រះថ្លាដ៏បរិសុទ្ធរបស់លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារបានចូលរួមកសាង។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ វាជាការរួម ចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។ ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាកដឹកនាំក្នុងការអភិវឌ្ឍមូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។

លោកស្រីបណ្ឌិតបន្តថា សមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ និងប្រជាជន។

លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍រំលេចថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់ កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។ លោកស្រីបណ្ឌិត ក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្តលោមព្រលឹង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្ត សប្បុរជន និងពុទ្ធបរិស័ទ គ្រប់ទិសទីដែលបានខិតខំប្រឹងប្រែង ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលទាំងនេះ ឱ្យលេចចេញជារូបរាងឡើង សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជាសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។

នៅក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិតក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់ថ្នាក់សូមធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព ហើយ អាជ្ញាធរមូលដ្ឋានត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែបានល្អប្រសើរ និងមានប្រសិទ្ធភាព

ជាមួយគ្នានោះផងដែរ លោកស្រីបណ្ឌិតក៏បាននាំយកយកសម្ភារៈសិក្សា និងសម្ភារៈកីឡា ចែកជូនដល់ប្អូនៗសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន៣ សរុបចំនួន ៣៩២ នាក់ ដែលមានដូចជា កាតាប សៀវភៅ ប៊ិច ខ្មៅដៃ សៀវភៅរឿងនិទាន សៀវភៅសរសេរ និង ប្រដាប់ខួងខ្មៅដៃ ព្រមទាំងមានជូនក្រណាត់សយាយជីតាជី ខោអាវលោកតាអាចារ្យ ក្រមាជូនដល់លោកគ្រូអ្នកគ្រូ និងថវិកាមួយចំនួនប្រគេនវត្តដើម្បីទុកបន្តការជួសជុល៕