(ភ្នំពេញ)៖ នារីរងគ្រោះម្នាក់បានមកដាក់ពាក្យបណ្ដឹង ក្រោយជនសង្ស័យម្នាក់បានលួងលោមតាមបណ្ដាញសង្គមហ្វេសបុកអួតខ្លួនជាបងប្អូនថៅកែផ្ទះសំណាក់ ហើយណាត់មកជួបផ្ទះសំណាក់រហូតបានខ្លួនប្រាណ ស្រាប់តែព្រឹកឡើងលួចយកទូរស័ព្ទបាត់រត់គេចខ្លួនបាត់។

រំលងបាន៦ថ្ងៃសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានយកមកសាកសួរនាំហេតុការណ៍ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅចំណុចផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អ៊ូ ចាន់បញ្ញា អាយុ២៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឃាត់ខ្លួនពីបទលួច។

ប្រភពព័ត៌មានបានបង្ហើបថា មាននារីជនរងគ្រោះជាច្រើនរូបបានមកដាក់ពាក្យបណ្ដឹងបន្ថែម ក្រោយសមត្ថកិច្ចឃាត់ខ្លួនបុរសខាងលើ ដែលសុទ្ធតែពាក់ព័ន្ធករណីបោកប្រាស់យកខ្លួនប្រាណ និងបន្លំលួចទូរស័ព្ទ ព្រមទាំងសម្ភារមានតម្លៃ។ នៅពេលនេះសមត្ថកិច្ចកំពុងបន្ដចាត់ការតាមនីតិវិធី៕