(ភ្នំពេញ)៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានដាក់តាំងលក់ទំនិញ-សម្ភារ និងដាក់តាំងស្លាកយីហោខុសច្បាប់ សាងសង់សំយ៉ាបផ្ទះ របង និងសំណង់ផ្សេងៗរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈ ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ត្រូវរុះរើចេញឱ្យអស់ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៃថ្ងៃចុះហត្ថលេខានេះតទៅ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ បានគូសបញ្ជាក់ថា បើក្នុងករណី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះទេ នោះរដ្ឋបាលខណ្ឌ និងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។

លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់លោក-លោកស្រី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ហើយបើមានករណីរារាំង រឹងរូស នោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះជាក់ជាពុំខានឡើយ៕