(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់រក្សាឲ្យបាននូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឳ្យបានល្អ។ លោកស្រីបានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំប្រចាំខែគណបក្សស្រុក ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

លោកស្រីមានប្រសាសន៍ថា ដើម្បីឲ្យគណបក្សមានភាពរឹងមាំ នឹងទទួលបានការគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ត្រូវតែមានការសាមគ្គីគ្នា និងមានឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដោយចូលរួមសហការគ្នាដោះស្រាយ សម្របសម្រួល ក្តីកង្វល់របស់ពួកគាត់ក្នុងតំបន់មូលដ្ឋានឱ្យស្របទៅតាមនីតិវិធី និងលទ្ធភាពក្រុមការងារថ្នាក់មូលដ្ឋានដោយសហការជាមួយក្រុមការងារថ្នាក់កណ្ដាល។

ប្រធានក្រុមការងារទាំងអស់ត្រូវតែក្តាប់ឲ្យបាន ពីចំនួនសមាជិកសមាជិកាគណបក្ស ដោយអនុវត្តឲ្យបាននៅការរក្សាសមាជិកចាស់ និងបង្កើតសមាជិកថ្មី ដើម្បីធ្វើយ៉ាងណាឲ្យគណបក្សមានសកម្មភាពរស់រវើក និងបន្តអនុវត្តការងារជាប្រចាំ ដោយមិនត្រូវព្រងើយកន្តើយរង់ចាំថ្ងៃបោះឆ្នោតមកដល់នោះឡើយ។

លោកស្រីបន្ថែមទៀតថាការលះបង់នៃក្រុមការងារចុះមូលដ្ឋានទាំង១១ ឃុំ ក្នុងស្រុកកំពង់ស្វាយនេះត្រូវធ្វើយ៉ាងណាបន្តសហការគ្នាជាមួយក្រុមការងារថ្នាក់កណ្តាលឱ្យបានស្អិតរមួត ដោយសិក្សាស្វែងយល់ពីតម្រូវការ ក្តីកង្វល់ បញ្ហាប្រឈមនានា ដើម្បីរកដំណោះ ស្រាយឲ្យបានទាន់ពេលវេលា សមស្របដោយគោរពទៅតាមគោលការណ៍ និងនីតិវិធីច្បាស់លាស់។

លើសពីនេះទៅទៀតលោកស្រីសំណូមពរដល់ក្រុមការងារត្រូវធ្វើយ៉ាងណាយកបេះដូងទៅបម្រើពួកគាត់ទើបកិច្ចការនោះទទួលបានជោគជ័យ មិនមែនមានតែលុយទើបជោគជ័យនោះទេ ដែលបេះដូងនេះហើយដែលផ្ដល់ដល់ពួកគាត់នៅភាពកក់ក្តៅ ទំនុកចិត្ត ស្នាមញញឹម ដែលធ្វើឲ្យយើងទាំងអស់គ្នាសម្រេចជោគជ័យគ្រប់ពេលវេលា។

លោកស្រីបន្តលើកឡើងដល់ក្រុមការងារថ្នាក់មូលដ្ឋានត្រូវតែពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងបន្ថែមទៀត ព្រមទាំងបន្តសហការជាមួយក្រុមការងារថ្នាក់កណ្ដាល ក៏ដូចជាការផ្ដល់ទំនុកចិត្តដល់ប្រធានក្រុមការងារ ក៏ដូចជាការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាក្នុងដំណើរឆ្ពោះទៅការគាំទ្រពីប្រជាពលរដ្ឋក្នុងអាណត្តិថ្មីទៀត។

លោកស្រី ឃួន ឃុនឌី ថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្ដាលដែលបានចូលរួមជីវភាពធ្វើការងារបក្សដោយលះបង់កម្លាំងកាយ កម្លាំងចិត្ត ទាំងថវិកា និងសម្ភារៈ ក្នុងការជួយជ្រោមជ្រែង ស្ថាបនា ការជឿទុកចិត្ត និងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋក្នុងអាណត្តិទី៧នេះ៕