(ភ្នំពេញ)៖ ជនទំនើង២នាក់ បានខឹងនារីម៉ាស្សាដោយសារអត់ម៉ាស្សាឲ្យ ហើយលួចយកលុយរត់បាត់ទៀត ស្រាប់តែពួកគេខឹង ក៏ទៅគប់កញ្ចក់រថយន្តលោកមេធាវីម្នាក់ ដើម្បីបញ្ចេញកំហឹងទៅវិញរួចនាំគ្នាគេចខ្លួនបាត់អស់ ចំណែកលោកមេធាវីរូបនោះមានការភ័យខ្លាច ក៏បានដាក់ពាក្យបណ្ដឹង និងស្នើសុំឲ្យនគរបាលជួយស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ។

បន្ទាប់មកកម្លាំងនគរបាលខណ្ឌកំបូល ក៏បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ ទើបចាប់ខ្លួនជនទំនើង២នាក់នោះបាន។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល​ ៥និង៣០នាទីព្រឹក
នៅតាមផ្លូវបេតុង ខាងត្បូងខ្លោងទ្វារវត្តស្ងួនពេជ្រ ប្រហែល ៥០ម៉ែត្រ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យទី១ឈ្មោះ ហៀង ពិសី អាយុ៣២ឆ្នាំ ជាជនដៃដល់ និងទី២ឈ្មោះវ៉ន គុយនាង អាយុ២៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ឌុបជនសង្ស័យទី១ ហើយជនសង្ស័យទាំង២នាក់ រស់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។

ចំណែកជនរងគ្រោះឈ្មោះ ជុំ ធីរិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមេធាវី ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ១៣C ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ រថយន្តរបស់គាត់ដែលរងការខូចខាតដោយការគប់នោះ ម៉ាក Lexus-470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-5657 មានស្នាមប្រេះនៅកញ្ចក់ផ្នែកខាងមុខរថយន្តចំនួន១កន្លែង និងមានស្នាមទ្រុឌ១កន្លែងលើគម្របម៉ាស៊ីន។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ម៉ោងប្រហែល៥និង៣០នាទីព្រឹក ជនរងគ្រោះបានបើករថយន្តភិនភាគខាងលើចេញពីផ្ទះនៅភូមិថ្មដាតាមផ្លូវបេតុងភូមិស្ងួនពេជ្រទិសដៅពីត្បូងទៅជើង។

ពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នាមកដល់ក៏បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តជនរងគ្រោះតែម្ដង។ រួចជិះគេចខ្លួនទៅទិសខាងត្បូងបាត់ ចំណែកឯជនរងគ្រោះក៏បានមកដាក់ ពាក្យបណ្ដឹងតែម្ដង សុំឲ្យនគរបាលប៉ុស្តិ៍កន្ទោកជួយធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនជនសង្ស័យបាន។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ក្រោយពីការសាកសួរជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តខាងលើមែន ព្រោះខឹងនិងស្រីម៉ាស្សាម្នាក់យកលុយពួកគេចំនួន២ម៉ឺនរៀល។ បន្ទាប់មករត់បាត់ អត់ម៉ាស្សាឲ្យពួកគេ ហើយពួកគេក៏បានជិះម៉ូតូតាមរកអត់ឃើញ ស្រាប់តែឃើញរថយន្តខាងលើមកដល់ស្មានថាស្រីម៉ាស្សាម្នាក់នោះនៅក្នុងរថយន្តខាងលើ ទើបយកកែបជប់ខ្យល់គប់តែម្ដងទៅ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕