(ឧត្តរមានជ័យ)៖ លោក សូត្រ ស៉ីសុខឃាង ប្រធានមន្ទីរកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយអាជ្ញាធរក្រុងសំរោង និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពសត្វល្អិតដង្កូវ ដែលកំពុងបំផ្លាញដំណាំស្រូវប្រជាកសិករ នៅភូមិកណ្ដែក សង្កាត់សំរោង និងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង។

លោកប្រធានមន្ទីរកសិកម្ម បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះថា ការចុះពិនិត្យស្រែរបស់កសិករនាពេលនេះឃើញថា មានសត្វល្អិតដែលកំពុងស៊ីបំផ្លាញលើដំណាំស្រូវ ជាប្រភេទដង្កូវហ្វូង ឬដង្កូវទ័ព ហើយក្រុមការងារបានវាយតម្លៃថា ការបំផ្លាញលើដំណាំស្រូវរបស់កសិករនេះ ត្រឹមជាផលប៉ះពាល់ប៉ុណ្ណោះ មិនទាន់ដល់កម្រិតខូចខាតនៅឡើយទេ។

ជាមួយគ្នានេះដែរក្រុមការងារជំនាញ បានណែនាំពីវិធីសាស្ត្រកម្ចាត់ដង្កូវ និងមេអំបៅ ដល់ម្ចាស់ស្រែដែលរងផលប៉ះពាល់ ដើម្បីយកទៅអនុវត្ត ដោយក្រុមការងារជំនាញក៏បានអនុវត្តបង្ហាញជាក់ស្តែងពីការបាញ់ថ្នាំសម្លាប់ដង្កូវ ដោយប្រើរូបមន្តគឺ៖ប្រើម្សៅសាប៊ូ ចំនួន១ខាំ ទឹកខ្មេះ ចំនួន១លីត្រ ស្រាស ចំនួន១លីត្រ លាយទឹក២៥លីត្រ រួចបាញ់លើស្រែដែលមានដង្កូវស៊ីបំផ្លាញ។

រូបមន្ត អន្ទាក់ជូរផ្អែមសម្រាប់កម្ចាត់មេអំបៅ គឺ៖ ទឹក ចំនួន១ភាគ ស្រាស ចំនួន១ភាគ ទឹកខ្មេះ ចំនួន៤ភាគ ស្ករ ចំនួន៤ភាគ ថ្នាំគីមីប្រភេទ Fipronil ចំនួន២មីលីលីត្រ លាយឱ្យសព្វល្អ ដាក់តាមស្រែ នៅពេលយប់ ដើម្បីកម្ចាត់មេអំបៅ។ ស្រែដែលមិនទាន់មានសត្វដង្កូវ បានណែនាំឱ្យកសិករយើង ត្រូវភ្ជួរដីមួយគន្លងព័ទ្ធជុំវិញស្រែនោះ និងរោយកំប៉ោដើម្បីការពារផ្តាច់សត្វដង្កូវវាឆ្លងកាត់បាន។

លោក សូត្រ ស៉ីសុខឃាង បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា នៅទូទាំងខេត្តឧត្តរមានជ័យ មន្ទីរបានសហការជាមួយអាជ្ញាធរក្រុង ស្រុក ចំនួន៣ គឺក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ និងបន្តចុះផ្សព្វផ្សាយតាមភូមិទៀត លើតំបន់ដែលមានការខូចខាត ដែលយើងបានដឹងភ្លាមៗ បានផ្សព្វផ្សាយពីវិធានការការពារ ក៏ដូចជាបច្ចេកទេសឱ្យកសិករត្រៀមខ្លួនដើម្បីមានវិធានការ ដូចជាដំណាំដំឡូងត្រូវការពារដូចម្តេច? ហើយស្រូវត្រូវការពារដូចម្តេច?ហើយត្រូវបាចកំបោដូចម្តេច?

លោកថា យុទ្ធនាការនេះ ត្រូវធ្វើទាំងអស់គ្នា រួមមានអាជ្ញាធរ ក្រុង ស្រុក មេភូមិ មេឃុំ ចៅសង្កាត់ មន្ត្រីកសិកម្ម ហើយក្រសួងកសិកម្មក៏បានបញ្ជូនមន្ត្រីជំនាញមកជួយលើកិច្ចការនេះដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា តទៅមុខទៀត មិនទាន់ដឹងថាស្ថានភាពសត្វដង្កូវដែលស៉ីបំផ្លាញដំណាំប្រជាកសិករ មានការធូរស្រាលឫយ៉ាងណានោះទេប្រសិនបើអត់ភ្លៀង ប៉ុន្តែបើសិនមានភ្លៀងធ្លាក់ជោគជាំស្ថានភាពនេះនឹងមានការធូស្រាល ដោយសារគ្មានសត្វដុកឌឿ ព្រោះសត្វដុកឌឿនេះ វាវិវត្តន៍ទៅជាសត្វមេអំបៅ ហើយសត្វមេអំបៅ ពង វិវត្តន៍ទៅជាសត្វដង្កូវ ហើយសត្វដង្កូវនេះ វាវិវត្តន៍កើតជាសត្វដុកឌឿវិញ ដូច្នេះបើមានភ្លៀងសត្វទាំងនេះនឹងគ្មានទៀតទេ។

ចំពោះមុខលោកប្រធានមន្ទីរ ក៏បានថ្លែងអំពាវនាវដល់ប្រជាកសិករជាម្ចាស់ចំការ ស្រែ ត្រូវមានវិធានការការពារ ចៀសវាងប៉ះពាល់ដំណាំខ្លួនឯង ដែលកើតឡើងពីហ្វូងសត្វដង្កូវនេះ៕