(កំពង់ឆ្នាំង)៖ រថយន្តយីឌុបធុនធំមួយគ្រឿងពាក់ផ្លាកលេខកំពង់ឆ្នាំង3A-0591 ដឹកកម្ទេចលៀសខុសច្បាប់ចំនួន១៧០ ស្មើប្រមាណ១០តោន ហើយត្រូវបានកម្លាំងនគរបាលស្រុករលាប្អៀរ ស្ទាក់ចាប់ឃាត់នៅចំណុចភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ និងបានប្រគល់ជូនទៅមន្ត្រីរដ្ឋបាលជលផល យកធ្វើការផាកពិន័យអន្តរការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

លុះនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រថយន្តដដែលនេះ បានធ្វើសកម្មភាពដឹកកម្ទេចលៀសចម្រុះខុសច្បាប់ចេញពីចំណុចដដែលទៀត ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ធ្វើការល្បាតតាមផ្លូវក៏បានប្រទះឃើញរថយន្តខាងលើនេះ ដឹកកម្ទេចលៀសជាប់ផុងទៅមុខលែងរួច។

លោក យ៉ឹម សុផល អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលរបស់លោកធ្វើការល្បាតនៅពេលយប់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ រ៉េត សុផល អធិការនគរបាលស្រុករលាប្អៀរ ក៏បានប្រទះឃើញកម្ទេចលៀស ដែលគេច្រកបេរួចប្រមាណជា២៥០បេគរទុកនៅមាត់ព្រែក។

បន្ទាប់ពីឃើញដូច្នេះ កម្លាំងនគរបាលដែលដឹកនាំដោយលោកអធិការផ្ទាល់ បន្តល្បាតតាមផ្លូវជាបន្តទៀត លុះនៅវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រក៏បានប្រទះឃើញរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង3A-0591 គឺជារថយន្តដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់កាលពីយប់ថ្ងៃទី១៩ ខែមិថុនាកន្លងទៅថ្មីៗនេះម្តងរួចមកហើយ ដោយបានធ្វើសកម្មភាពដឹកកម្ទេចលៀសចម្រុះខុសច្បាប់ដដែល ដោយដឹកចេញពីចំណុចព្រែកទួលខ្សាច់ក្នុ ងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ដែលកំពុងជាប់ផុងទៅមុខលែងរួច នៅចំណុចភូមិថ្នល់តាសែង។

ក្រោយឃើញរថយន្តដឹកលៀសខាងលើនេះជាប់ផុងទៅមុខលែងរួចដូចនេះ កម្លាំងនគរបាលបានរាយការណ៍សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងភ្លាមៗ លុះភ្លឺឡើងកម្លាំងសមត្ថកិច្ចនគរបាលសហការជាមួយកម្លាំងរដ្ឋបាលជលផល បានយករថយន្តស្ទូចមកស្ទូចការ៉ុងកម្ទេចលៀសដាក់លើរថយន្ត ដែលកម្ទេចលៀសរុបមាន៣៥០បេ មានទម្ងន់ប្រមាណជិត២០តោន។ កម្ទេចលៀសទាំងអស់ត្រូវបានកម្លាំងនគរបាល និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល ដឹកយកទៅចាក់ចូលទៅក្នុងទឹក នៅចំណុចស្ពានសាបអង្កាមនៅតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិ សាស្ត្រឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

ជុំវិញករណីខាងលើនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្តខាងលើនេះ លោកពិតជាបានធ្វើការផាកពិន័យអន្តរកាល ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះពិតប្រាកដមែន ឥឡូវស្រាប់តែរថយន្តដដែលនេះបានធ្វើសកម្មភាពដោយមិនរៀងចាល។ លោកថា បើតាមផ្លូវច្បាប់លោកនឹងធ្វើការផាកពិន័យអន្តរការទ្វេដង។

ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់យ៉ាងខ្លីថា ករណីនេះលោកនឹងធ្វើការផាកពិន័យអន្តរការទ្វេដង។ ករណីនៅតែមិនរៀងចាល បើចាប់បានលើកទី៣ លោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង។

តាមមតិសាធារណជនក៏មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះករណីរថយន្តដឹកកម្ទេចលៀសខុសច្បាប់នៅក្នុងរដូវបិទនេសាទខាងលើនេះ ថាតើហេតុអី្វបានជារថយន្តមួយគ្រឿងនេះ ហ៊ានប្រព្រឹត្តនូវអំពើល្មើសច្បាប់ម្ដងហើយម្ដងទៀត ហាក់មិនរៀងចាលសោះ៕