(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរៀបចំការត្រួតពិនិត្យស្វែងរកសារធាតុញៀនក្នុងទឹកមូត្រដល់ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការងារនៅទីស្តីការក្រសួងសុខាភិបាល ដែលមានអញ្ជើញចូលរួមធ្វើតេស្ដពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ ការធ្វើតេស្ដរកសារធាតុញៀននេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួង។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងសុខាភិបាល ត្រូវមានកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នា ស្របតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចថា ការរៀបចំធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រ (ទឹកនោម) ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។

ការធ្វើតេស្តទឹកមូត្រស្វែងរកសារធាតុញៀននេះ នៅទីស្តីការក្រសួងសុខាភិបាល បានធ្វើឡើងពេញមួយថ្ងៃ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក និងបានបញ្ចប់ដោយរលូន នៅម៉ោង ៥៖០០នាទីរសៀល៕