(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង​ រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋានការពារសុខភាព និងវិធានការនៃកំណែទម្រង់ការលើការគ្រប់គ្រងការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។

ការផ្ដល់អនុសាសន៍ខាងលើនេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ ជូនដល់ថ្នាក់ដឹកនាំនៃនាយកដ្ឋានការពារសុខភាព ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពបន្ថែមទៀត នាថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ទៅលើផ្នែកជំងឺមិនឆ្លង ត្រូវតែពង្រឹង និងពង្រីកសមត្ថភាពមន្ត្រីសុខាភិបាល ដោយសហការជាមួយដៃគូអភិវឌ្ឍទាំងអស់ លើកិច្ចអន្តរាគមន៍ពាក់ព័ន្ធទាំងក្នុងស្ថាប័ន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់ចំណេះដឹង ផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តី នៃនាយកដ្ឋានក្នុងការពារសុខភាព មានការប្តេជ្ញាចិត្ត ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងការអនុវត្តការងារសម្រេចទទួលបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់៕