(សៀមរាប)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមជាមួយសហការី និងប្រតិភូក្រុមការងារ បានអញ្ជើញកាត់ខ្សែបូប្រគល់ផ្ទះមនុស្សធម៌ទី៩១ ជូនឈ្មោះ ជរ តុល អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ ផា យីម អាយុ៣០ឆ្នាំ មានកូនក្នុងបន្ទុក ៣នាក់ ជាគ្រួសាររងគ្រោះដោយ អគ្គីភ័យនិងមានជីវភាពក្រីក្រពុំមានលទ្ឋភាពសាងសង់ផ្ទះជាថ្មីឡើងវិញ មានមុខរបរជាកម្មករលីសែង ដកដំឡូង រស់នៅភូមិ ត្រាវបាក់(ជប់ស្មាច់) ឃុំតាយ៉ែក ស្រុកសូទ្រនិគម និងផ្ទះមនុស្សធម៌ទី៩២ ត្រូវបានប្រគល់ជូនឈ្មោះ ស៊ន់ សុខ អាយុ ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុក ៣នាក់ មានមុខរបរបំរើសេវានៅភោជនីយដ្ឋាន រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម។

ផ្ទះមនុស្សធម៌ទាំង២នេះ ក្នុងមួយខ្នងៗ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ ដែលជាអំណោយរបស់លោក Yu Lin Liao សប្បុរសជនចិនតៃវ៉ាន់ ផ្តល់តាមរយៈអង្គការរ៉ូតារីអង្គរ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងទឹកប្រាក់ទាំងពីរខ្នងផ្ទះ សរុប៧៦០០ដុល្លា។

ក្នុងឱកាសនេះ លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលឡើយ»

លោកស្រីបានបន្តថា ដោយក្តីស្រឡាញ់ និងការអាណិតអាសូរក្រុមគ្រួសារនេះ លោកតា លោកយាយ អ៊ុំពូមីង នឹងបន្តជួយជ្រោមជ្រែងផ្តល់នូវកម្លាំងចិត្ត និងចូលរួមត្រេកអរ ចំពោះផ្ទះមនុស្សធម៌នេះ ដែលផ្ទះនេះនឹងក្លាយជាជំរកដ៏កក់ក្តៅសម្រាប់គ្រួសារទាំងពីរចាប់ពីពេលនេះតទៅ។

លោកស្រី ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ុំពូមីង សូមប្រុងប្រយ័ត្នចំពោះខ្យល់ ផ្កររន្ទះ សូមរកទីជំរកសុវត្ថិភាព ជាពិសេស សុខភាពជារឿងសំខាន់សូមយកចិត្តទុកដាក់ចំពោះ សុខភាពផ្ទាល់ខ្លួន និងកូនចៅតូចៗ ដែលពួកគាត់ងាយកើតជំងឺផ្សេងៗនៅក្នុងរដូវវស្សានេះ និងសូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត បើឃើញថា អាការៈសុខភាពមិនប្រក្រតី។

លោកស្រីក៏បានផ្តល់អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះទាំងពីរគ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៦០គ.ក្រ ,មី ១កេស , ត្រីខ ១យួរ ,ទឹកត្រី ១យួរអំបិល ១គ.ក្រ, កន្ទេល២  ,ឃីត ២កញ្ចប់ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤០ម៉ឺនរៀល និង យាយតាពូមីងបងប្អូនគ្រួសារក្រីក្រចូលរួមក្នុងពិធីប្រគល់ផ្ទះទាំងពីរចំនួន៨០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ , អំបិល ១គ.ក្រ ឃីត ១កញ្ចប់ និងថវិកា៤ម៉ឺនរៀលផងដែរ៕