(តាកែវ)៖ កាកបាទក្រហមកម្ពុជាដែលមាន សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានរៀបចំពិធី ប្រកាសតែងតាំងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៥ និងការប្រារព្ធពិធីអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីគណៈកិត្តិយស គណៈកម្មាធិការ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត និងក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជននៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ សរុបប្រមាណជាង ៥០០នាក់។

ថ្លែងក្នុងពិធីនេះលោកស្រី ពុំ ចន្ទីនី បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអង្គពិធីទាំងមូលនិងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះស្មារតី និងការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា កន្លងមកសម្រេចបាននូវជោគជ័យគួរជាទីមោទនៈ។

លោកស្រីបានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា ក្នុងនាមជាសមាគមជាតិមួយ ដែលមានឋានៈស្របច្បាប់ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បាននិងកំពុងអនុវត្តដោយយកចិត្តទុកដាក់ជាទីបំផុត ចំពោះគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាពិសេសអាទិភាពទី១ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា លើការងារអប់រំសុខភាពល្អ និងការងារកសាងភាពធន់នឹងអាកាសធាតុ។

យោងសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ គាំទ្រចំពោះផែនការសកម្មភាពពហុវិស័យជាតិ ស្តីពីការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧ រាជរដ្ឋាភិបាលកម្ពុជា សុំឱ្យក្រសួងពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍន៍ ចាត់ទុកជំងឺមិនឆ្លង ជាបញ្ហាអាទិភាព និងធ្វើការរួមគ្នា អនុវត្តកម្មភាពនៅក្នុងផែនការសកម្មភាព ពហុវិស័យជាតិនេះ ដើម្បីឱ្យកម្ពុជាមានលទ្ធភាពកាត់បន្ថយបន្ទុកជំងឺដែលអាចការពារបាន និងដែលត្រូវចំណាយថវិកាយ៉ាងច្រើន ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រកបដោយសុខភាពល្អបញ្ចៀសឱ្យបាននូវជំងឺមិនឆ្លងទាំងនោះ។ ទាំងនេះគឺជាសក្ខីកម្ម បញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាយើងមានថ្នាក់ដឹកនាំ បាននិងកំពុងតែយកចិត្តទុកដាក់អំពីសុខភាពរបស់ប្រជាពលរដ្ឋយើងគ្រប់ទិសទី និងគ្រប់ពេលវេលាដោយមិនទុកនរណាម្នាក់ចោលឡើយ។

ទន្ទឹមនឹងនេះលោកស្រីអគ្គលេខាធិការ បានលើកឡើងថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួប១៦១ឆ្នាំនេះ ប្រព្រឹត្តិទៅក្រោមមូលបទ «រួមគ្នាជាមួយ កាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ជាឆ្នាំដែលកាកបាទក្រហមកម្ពុជា វាយជួង គោះស្គរ អង្វរករ សូមឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន ចាប់ពីបុគ្គលម្នាក់ៗឡើងទៅ ត្រូវចូលរួមផ្សព្វផ្សាយសារអប់រំសុខភាព ដើម្បីសហគមន៍មានសុខភាពល្អ និងចូលរួមរក្សាការពារបរិស្ថានតាំងពីការទុកដាក់សំរាម ការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ការរក្សាបរិស្ថានបៃតង ដោយការដាំដើមឈើទោះតិចក្តីច្រើនក្តី។ ដើម្បីមានសុខភាពល្អ សូមស្តាប់ពាក្យចាស់ពោលថា (ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី) (ការពារប្រសើរជាងព្យាបាល)។

ជាកិច្ចបន្តលោកស្រី បានអានសេចក្តីសម្រេចរបស់កាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៥ ដើម្បីបំពេញភារកិច្ចបន្តពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដែលត្រូវបានផ្លាស់ប្តូរទៅបំពេញភារកិច្ចថ្មី។

បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីគណៈអធិបតីរួចមក លោកបណ្ឌិត ជា វ៉ាន់ដេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់នូវទំនុកចិត្ត និងឱកាសសម្រាប់លោកបណ្ឌិត បានបំពេញបេសកកម្មមនុស្សធម៌ ជូនប្រជាជន និងសង្គមជាតិ ជាពិសេសក្នុងខេត្តតាកែវ។

ជាចុងបញ្ជប់នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានបន្តរៀបចំពិធីទទួលថវិកាពីសប្បុរសជនតាមសទ្ធាជ្រះថ្លា និងការស្ម័គ្រចិត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដែលទទួលបានថវិកាគិតជាតួលេខផ្លូវការបណ្តោះសន្ន ប្រមាណ១៧ម៉ឺន ដុល្លារអាមេរិក៕