(សៀមរាប)៖ ស្ដ្រីម្ចាស់គណនី TikTok មួយត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនមកធ្វើការសួរនាំ បន្ទាប់ពីបង្ហោះវីដេអូ ភ្ជាប់ជាមួយសំឡេងផ្សេងដែលលឺសូរដូចសំឡេងផ្ទុះអាវុធ នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សន្ដិសុខជាតិ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយឃើញវីដេអូនោះត្រូវបានគេចែកចាយ និងអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានបញ្ជាកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវបន្ទាន់លើករណីនេះ។

ជាលទ្ធផល នៅព្រឹកមិញនេះ កម្លាំងជំនាញបានកោះហៅឈ្មោះ ហម ផល់ ភេទស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប  អាស័យដ្ឋានបច្ចុប្បន្ន ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ បុគ្គលិកតូបលក់ចាប់ហួយ​ គឺជាម្ចាស់គណនី​ Tik Tok ឈ្មោះ Srey Pol952 ដែលបានបង្ហោះវីដេអូ អមដោយសម្លេងផ្ទុះអាវុធ លើបណ្ដាញសង្គម Tik Tok មកសាកសួរនៅកន្លែងសមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ច ស្ដ្រីខាងលើបានសារភាពថា នៅអំឡុងឆ្នាំ២០២២​ ខ្លួនបានបង្កេីតគណនី​ Tik Tok ឈ្មោះ​ Srey Pol952 ដេីម្បីលេងកម្សាន្ដ។ ក្រោយមក​អំឡុងឆ្នាំ​២០២៣​ ខ្លួនបានថតនៅលេីដងផ្លូវសាធារណៈចំណុចកន្លែងហាងខ្លួនលក់ចាបហ៊ួយ​ មានរយៈពេល​១០វិនាទី​ ជាលក្ខណៈ​ដូចមានការភ័យស្លន់ស្លោ​ អមដោយសម្លេងផ្ទុះអាវុធ​ ដោយសម្លេងនោះ​ គឺខ្លួនបានទាញយកពីគណនី​ Tik Tok (មិនចាំឈ្មោះ)​ ក្នុងចេតនាបង្ហោះលេងប៉ុណ្ណោះ។

លុះដល់ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ​២០២៤​ ស្រាប់តែខ្លួនបានឃេីញគណនី​ TikTok របស់ខ្លួន​ បានធ្វេីការលោតរំលឹកវីដេអូចាស់ដែលបានបង្ហោះខាងលេីម្តងទៀត​ ពេលនោះ​ខ្លួនក៏បានបង្ហោះលេងសារជាថ្មី​ ដែលមានអ្នកចូលមេីលច្រើន ដោយខ្លួន​ពុំបានគិតដល់នាំឲ្យមានការប៉ះពាល់ដល់សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គមនោះទេ។

ក្រោយបញ្ចប់ការសួរនាំ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វេីកិច្ចសន្យា​ អប់រំណែនាំ​ និងថតវីដេអូសុំទោសជាសាធារណៈ​៕