(ព្រៃវែង)៖ លោក មុិល គារី មេឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង បានធ្វើការប្រតិកម្ម និងច្រានចោលចំពោះព័ត៌មានដែលបានចោទប្រកាន់រូបលោកយ៉ាងធ្ងន់ធ្ងរថា យកសាលាឃុំធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយអាងអំណាចមិនធ្វើឯកសារឲ្យប្រជាពលរដ្ឋ។

លោកបានបន្តថា ការធ្វើបទសម្ភាសរបស់បុគ្គលជេត ប៊ុណ្ណានេះ គឺខុសពីការពិតទាំងស្រុង ក្នុងនាមលោកជាមេឃុំ មិនដែលធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ រង់ចាំយូរក្នុងទទួលសេវានោះទេ គឺតែងតែផ្ដល់សេវាជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមិនប្រកាន់នូវនិន្នាការនយោបាយនោះឡើយ។

យោងតាមលិខិតបំភ្លឺរបស់លោក ម៉ិល គារី មេឃុំកោះចេក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ មានខ្លឹមសារថា «ខ្ញុំបាទឈ្មោះ ម៉ិល គារី មេឃុំកោះចេក សូមធ្វើការស្រាយបំភ្លឺចំពោះការចោទប្រកាន់របស់ឈ្មោះ ជេត ប៊ុណ្ណា និងប្រពន្ធ ងួន សុភា ព្រមទាំងមនុស្សរស់នៅក្រៅឃុំកោះចេក ប្រហែល៣០នាក់ផ្សេងទៀត បានហៅសារព័ត៌មានមកសម្ភាសន៍ផ្សាយបង្កាច់បង្ខូចខុសពីការពិតទាំងស្រុង»។ 

លោក មុិល គារី បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានការចុះអនុវត្តសាលក្រមដោយបង្ខំរបស់តុលាការលេខ១៧៦២/២០២៤ អយច ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការដឹកនាំដោយលោក ថេង រ៉ាឆាត សំណុំរឿងអនុវត្តលេខ១៩៨ ដស.រណ/២០២៣ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣របស់សាលាដំបូងខេត្តព្រៃវែង ដើម្បីចាក់ដីលើទំហំ១៩ម៉ែត្រ និងជម្រៅ៤០ម៉ែត្រ នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងការចុះអនុវត្តនេះ រដ្ឋបាលឃុំបានចូលរួមតាមការអញ្ជើញរបស់លោកព្រះរាជអាជ្ញារង ថេង រ៉ាឆាត ដោយឡែកកម្លាំងសមត្ថកិច្ចដែលអញ្ជើញចូលរួមទាំងអស់ គឺស្ថិតក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញារង។ ឡានដែលត្រៀមចាក់ដីនោះ ក៏ស្ថិតនៅក្រោមការដឹកនាំរបស់ព្រះរាជ្ញារងដូចគ្នា។ ចំពោះដីដែលគ្រោងចាក់នោះ គឺជាដីបម្រុងធ្វើស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោះចេក ដែលតុលាកាបានសម្រេចឲ្យមករដ្ឋបាលឃុំកោះចេក។ 

ចំពោះមនុស្សប្រុសម្នាក់ដែលមិនស្គាល់ឈ្មោះ និងមានទីលំនៅរស់នៅឃុំផ្សេង ដែលបានចោទប្រកាន់ថា លោកមេឃុំយកសាលាឃុំធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយអាងអំណាចមិនធ្វើឯកសារឲ្យក្រុមគ្រួសារដែលមានទំនាស់ខាងលើ គឺផ្ទុយពីការពិតទាំងស្រុង។

សូមបញ្ជាក់ថា ការចុះអនុវត្តសាលក្រមដោយបង្ខំរបស់តុលាការលេខ១៧៦២/២០២៤ អយច ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ តំណាងអយ្យការ ដឹកនាំដោយលោក ថេង រ៉ាឆាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង សំណុំរឿងអនុវត្តលេខ១៩៨ ដស.រណ/២០២៣ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តព្រៃវែងបានអនុវត្ត កាលពីថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២៤ កន្លងទៅនេះ ពុំបានសម្រេចនោះទេ ដោយភាគីឈ្មោះ ជេត ប៊ុណ្ណា និងគ្រួសារ រារាំងមិនព្រមឲ្យអនុវត្តសាលក្រម ត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង លើកពេលទៅថ្ងៃក្រោយផងដែរ៕