(កណ្ដាល)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោល​យ៉ាង​ខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំង ដែលចេះតែបែកបាក់គ្នា និង​គ្មាន​គោល​នយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោ​បាយខ្វះការពិចារណា តែងប្រឆាំងនឹងប្រយោជន៍ជាតិ។

ក្បាលម៉ាស៊ីនបក្សភ្លើងទៀន នៅអាមេរិកខាងជើង (ប្រទេសកាណាដា) ដែលមានស្នាក់ការនៅរដ្ឋ Florida, ខាងភ្នំពេញ និងស្រុក-ក្រុងនៅខេត្តកណ្ដាល សរុបចំនួន១៣២នាក់ បានប្រកាស​ផ្តាច់ខ្លួន​ពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាព​នយោ​បាយបម្រើអស់​ជាច្រើនឆ្នាំមកហើយ។

ពិធីប្រកាសបានធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះស្ថិតនៅស្នាក់ការគណបក្សខេត្តកណ្ដាល ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោក នូ សាខន អនុប្រធានគណបក្សខេត្ត។

លោក គង់ សោភ័ណ្ឌ បានថ្លែងថា ជាទឹកចិត្តមេត្តារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែរីករាយស្វាគមន៍អ្នកដែលបានដឹងខ្លួន ភ្ញាក់រលឹកមករួមរស់ជាមួយគណបក្សដែលត្រឹមត្រូវ និងពេញដោយសមត្ថភាព ពោលគឺគណបក្សប្រជាជនកម្ពុជា នៅតែស្រលាញ់ និងព្រមទទួលជាបន្តបន្ទាប់ទៀត ឲ្យតែមានបំណងចង់រួមរស់ជាមួយគ្នាពិតមែន ហើយរួមគ្នាដឹកនាំ កសាងប្រទេសជាតិយើងនេះឲ្យរុងរឿង រក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព មានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ជាដើម។

សូមជម្រាបថា ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋានទាំង១៣២រូបនេះ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិ​នា​ពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅពួកគេ ឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀត។

ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយ​របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក បានព្យាយាមធ្វើសកម្មភាបរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះ ជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។

ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេក៏បានសុំការ​អនុគ្រោះ​ពី​សម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាស​រួម​រស់ជា​មួយគណបក្សប្រជាជនកម្ពុជា បន្ត​សកម្ម​ភាពនយោបាយទៅមុខបន្តទៀត។

ពួកគេបានមើលឃើញច្បាស់​ដោយ​ឥតសង្ស័យថា គណ​បក្ស​ប្រជាជន​កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណ​បំណាច់ដ៏ធំធេង​សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ដ៏ខ្លាំង​ពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ​ពូជ​សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុម​ប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល​នយោបាយ​ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ​ឆ្ពោះ​ទៅរកភាពរុងរឿង។ ជាពិសេសបក្ស​ប្រជា​ជន​កម្ពុជា ជាបង្អែក និងជាទីទុកចិត្ត​របស់​ប្រជា​ពលរដ្ឋ ក្នុងការធានារក្សាបាន​សុខ​សន្តិ​ភាព និងស្ថេរភាពសង្គម​ដែលជាលក្ខខណ្ឌ​ដ៏ចាំ​បាច់សម្រាប់ធានានូវការរស់នៅ​ប្រកប​​ដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជា​មួយ​​បក្ស​ប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស​មិន​ចាញ់​​បោក​ការ​អូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឲ្ហភ្ញាក់រលឹក និង​ឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយ ជាមួយ​បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕