(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន​៣ពាន់ដុល្លារ ជូនដល់គ្រួសារលោក សុខុម ចរណៈ ដែលរងការបាញ់ប្រហារយ៉ាងព្រៃផ្សៃ​បំផុតពីសំណាក់អតីតឧកញ៉ា ស្រី ស៊ីណា។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមេដឹកនាំមិនដែលមើលរំលងការលំបាកប្រជាពលរដ្ឋ​នោះ​ឡើយ។ រាល់ពេលដែលសម្តេចទាំងទ្វេទទួលបានព័ត៌មាននៃការលំបាករបស់ប្រជាពលរដ្ឋ សម្តេចតែងតែជួយដោះស្រាយជានិច្ច។

បន្ទាប់ពីទទួលបានព័ត៌មាននៃការរងរបួសរបស់ប្អូនប្រុស សុខុម ចរណៈ ក្នុងហេតុការណ៍​បាញ់​ប្រហារដល់ក្នុងផ្ទះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនោះ សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាខ្លាំង ហើយក៏បានឧបត្ថម្ភថវិកា​សម្រាប់ការព្យាបាល​របួសរបស់គេ។

ថវិកាដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានជំនួយការយកទៅប្រគល់ជូនលោក សុខុម ចរណៈ ដល់កន្លែងសម្រាកព្យាបាលរបួស។

គ្រួសារលោក សុខុម ចរណៈ បានសម្តែងក្តីគោរពដឹងគុណយ៉ាងជ្រាល​ជ្រៅជូន​សម្តេច​តេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះទឹកចិត្តសណ្តោសប្រណី ហើយតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ​រាល់​ពេលជួបការលំបាក។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍បាញ់ប្រហារដ៏ព្រៃផ្សៃខាងលើនេះ ភ្លាមៗក្រោយកើត​ហេតុ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ឱ្យលោកទេសរដ្ឋមន្ត្រី គី តិច ក្នុងឋានៈ​ជា​ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច បានទៅចូលរួមបុណ្យសពជនរងគ្រោះ ឡុង លីសុង និង ឃីន កញ្ចនា ដែលជាគូដណ្តឹង។ បន្ថែមពីលើនោះ សម្តេចតេជោ បានចាត់ឱ្យលោក គី តិច ធ្វើជាមេធាវីការពារស្វែងរកយុត្តិធម៌ជូនជនរងគ្រោះផងដែរ។

តាមកាយវិការនេះ បានស្តែងយ៉ាងច្បាស់ពីកាយវិការ និងទឹកចិត្តយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ៕