(ក្រចេះ)៖ ប្រជាពលរដ្ឋចំនួន២១៨គ្រួសារ នៅភូមិអូត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់ថាក្រុមហ៊ុនចំនួន២ដែលធ្វើអាជីវកម្មរ៉ែមាសនៅភូមិសាស្ត្រនេះបានគំរាមកំហែងយកដី និងបណ្ដេញប្រជាពលរដ្ឋចេញពីទីតាំងដែលពួកគាត់កំពុងរស់នៅ។

ប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុនដែលកំពុងតែធ្វើអាជីវកម្មនេះ មិនដែលធ្វើឱ្យមានការថ្នាំងថ្នាក់រឿងអ្វីណាមួយឡើយ ខាងក្រុមហ៊ុនដែលធ្វើអាជីវកម្មមានទំនួលខុសត្រូវច្បាស់លាស់ កាធ្វើកិច្ចការអ្វីមួយដែលប៉ះពាល់ទៅដល់ដំណាំប្រជាពលរដ្ឋ សូម្បីតែបន្តិចបន្តួចក្ដី គឺក្រុមហ៊ុនមានការទូទាត់សំណងច្បាស់លាស់ ព្រមព្រៀងគ្នាហើយ ទើបក្រុមហ៊ុនហ៊ានធ្វើ បើពលរដ្ឋមិនព្រមព្រៀងទេ ក្រុមហ៊ុនក៏មិនហ៊ានធ្វើដែរ។
ចំពោះការគំរាមកំហែងពីខាងភាគីក្រុមហ៊ុនណាមួយ ឬក៏បណ្ដេញពួកគាត់ឱ្យចេញពីទីតាំងដីដែលពួកគាត់កំពុងរស់នៅ ក៏មិនដែលមានករណីនេះឡើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានជួយអភិវឌ្ឍនៅក្នុងមូលដ្ឋានមួយនេះ ទាំងផ្លូវថ្នល់ ទាំងការសាងសង់រៀន ការជួយឧបត្ថម្ភដល់សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាអូត្រូននេះដែរ។

លោកគ្រូអ្នកគ្រូដែលបង្រៀននៅសាលាបឋមសិក្សាអូត្រូន បានបញ្ជាក់ឲ្យដឹងថា សាលារៀនដែលពួកគាត់កំពុងបង្រៀនសិស្ស គឺមានទីតាំងជាប់នឹងរបងរបស់ក្រុមហ៊ុនអាជីវកម្មរ៉ែមាសនោះផ្ទាល់តែម្តង។ ចំពោះការលើកឡើងថា មានការបង្ហូរកាកសំណល់ស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ មិនមែនជាការពិតនោះទេ ពីព្រោះពួកគាត់នៅបង្រៀនទីនោះផ្ទាល់មិនដែលមានធំក្លិនស្អុយ ឬក៏ប៉ះពាល់ដូចការលើកឡើងរបស់បណ្ដាញព័ត៌មានអាស៊ីសេរីនោះទេ។ ជាងនោះទៅទៀត ក្រុមហ៊ុនតែងតែជួយឧបត្ថម្ភជាសម្ភារសិក្សាដល់សិស្សានុសិស្សជារៀងរាល់ឆ្នាំ ហើយបច្ចុប្បន្ននេះក៏កំពុងតែគ្រោងនឹងសាងសង់សាលារៀនមួយខ្នងថែមទៀតផង។

លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងនោះក៏បានស្នើសុំឲ្យបណ្ដាញព័ត៌មានដែលបានចុះផ្សព្វផ្សាយព័ត៌មានទាំងនេះ សូមចុះមកសិក្សានិងស្រាវជ្រាវឲ្យបានច្បាស់លាស់មុននឹងចុះផ្សាយ ពីព្រោះផ្សព្វផ្សាយរឿងមិនពិត វាធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍក្នុងមូលដ្ឋាន និងធ្វើឲ្យមហាជនមានការយល់ច្រឡំ។

លោក សួស សេរីសួស្តី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់នៅក្នុងដំណើរការចុះពិនិត្យជាមួយនឹងមន្ត្រីជំនាញថា ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណក្នុងការធ្វើអាជីវកម្មរុករករ៉ែមាសតាំងពីឆ្នាំ២០០២ នៅលើផ្ទៃដី២៨គីឡូម៉ែត្រក្រឡា ហើយក្នុងទំហំផ្ទៃដីនេះជាក់ស្ដែងគាត់បានធ្វើការដ្ឋានអណ្ដូងរ៉ែនេះទំហំប្រហាក់ប្រហែលជា៩ហិចតា។ ទំហំដីផ្សេងមួយចំនួនទៀតនោះគឺប្រជាពលរដ្ឋគាត់ប្រកបរបរដាំដំណាំធម្មតា ហើយជាក់ស្ដែងក្នុងពេលដែលអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យដល់ទីតាំងនោះឃើញថា ប្រជាពលរដ្ឋពួកគាត់នៅតែប្រកបមុខរបរទាំងការលក់ដូរផ្សេងៗ និងការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វ ក៏បានល្អប្រសើរ ហើយអ្វីដែលព័ត៌មានលើកឡើងនោះវាមានការផ្ទុយស្រឡះទាំងស្រុងតែម្ដង អាជ្ញាធរស្រុកចុះមកនេះគឺបានសួរនាំជាមួយនឹងប្រជាពលរដ្ឋ គឺពួកគាត់មិនបានដឹងពីរឿងរ៉ាវនេះទេ។

លោក សុខ គិរីរ័ត្ន មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល បានឲ្យដឹងដែរថា ការងារអីក៏ដោយ មុននឹងឱ្យធ្វើអ្វីមួយ គឺក្រសួងវិភាគល្អិតល្អន់ណាស់ ថ្លឹងថ្លែងសក្តានុពលសេដ្ឋកិច្ច កន្លែងណាមួយល្អ និងកន្លែងណាមួយចំណេញជាង បានក្រសួងឱ្យធ្វើ ហើយក្រសួងធ្វើអីក៏តែងតែមានការប៉ះពាល់ ប៉ុន្តែបើប៉ះពាល់ខ្លាំងក្រសួងកាត់បន្ថយឲ្យមកនៅតិច ហើយកន្លែងដែលប៉ះពាល់តិចក្រសួងកាត់បន្ថយឱ្យអស់តែម្ដងកុំឱ្យប៉ះពាល់។

មន្រ្តីជំនាញរូបនេះបញ្ជាក់ថា តាំងពីបទដ្ឋានបច្ចេកទេសស្រាវជ្រាវ ក៏ក្រសួងបានចុះពិនិត្យ មិនលែងដៃឲ្យក្រុមហ៊ុនធ្វើអ្វីតាមអំពើចិត្ត ហើយរហូតដល់ការធ្វើអាជីវកម្ម ក៏ក្រសួងនៅតែតាមមើល ក្រសួងមានមន្ត្រីប្រចាំការ មានមន្ត្រីចុះឆែកមើលជារៀងរាល់ខែមិនមែនចេះធ្វើតាមអំពើចិត្តនោះទេ។ ក្នុងនោះទៀតសោត មិនមែនតែគ្រប់គ្រងតែស្ថាប័នរបស់ក្រសួងរ៉ែ តែមួយនោះទេស្ថាប័នផ្សេងៗពាក់ព័ន្ធទៀត ក៏ក្រសួងបានពិភាក្សាផ្ដាស់ប្ដូរយោបល់គ្នា និងបានឯកភាតាំងពីអាជ្ញាធរដែនដី រហូតដល់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗឯកភាព ទើបក្រសួងទទួលយកបាន។

លោកថា អ្វីដែលលេចឮថាក្រុមហ៊ុនបង្ហូរកាកសំណល់ចេញដែលប៉ះពាល់នោះ មិនមានទេ ជាក់ស្ដែងនៅក្នុងក្រុមហ៊ុននៅពេលដែលគាត់ចម្រាញ់ហើយគេតែងតែបន្សាបកាក សំណល់ហ្នឹងហើយ បានគាត់រុញបញ្ចូលទៅក្នុងអាងដែលមានទំនប់ការពារបេតុងនៅក្រោយក្រុមហ៊ុនត្រឹមត្រូវ ហើយពាក់ព័ន្ធរឿងនេះ រដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ពិសេសក្រសួងរ៉ែនិងថាមពលមានការព្រួយបារម្ភណាស់ចំពោះកាកសំណល់ដែលប្រជាជនត្រូវធ្វើកាលពីអតីតកាល អាណាធិបតេយ្យនោះ ប្រើអាងត្រាំអាស៊ីតអីផ្សេងៗនោះ ក្រសួងរ៉ែគឺមានការយកចិត្តទុកដាក់ខ្លាំងណាស់គឺឲ្យក្រុមហ៊ុនដល់ប្រមូលកាកសំណល់ដែលនៅសេសសល់ពីប្រជាពលរដ្ឋនោះចូលទៅក្នុងក្រុមហ៊ុន ដើម្បីកុំឲ្យប៉ះពាល់បរិស្ថានពេលមានភ្លៀងធ្លាក់មកហូរបាចសាចចូលទៅតាមអូរស្ទឹង ឬក៏ប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលជាដើម ។

ចំណែកតំណាងក្រុមហ៊ុនវិញក៏បានឲ្យដឹងដែរថា រឿងនេះក្រុមហ៊ុនមានការភ្ញាក់ផ្អើលដែរ នៅទីនេះស្ងប់ស្ងាត់ ហើយបើសិនជាមានករណីដែលកើតឡើង ប្រជាពលរដ្ឋច្បាស់ជាមករករឿងក្រុមហ៊ុនគ្រប់កន្លែងហើយ។
លោកថា ខាងក្រុមហ៊ុនមិនបានចាប់អារម្មណ៍ពីរឿងនេះទាល់តែសោះ ដោយសារក្រុមហ៊ុនអត់មានបានទៅប៉ះពាល់អ្វីជាមួយនឹងប្រជាពលរដ្ឋទាល់តែសោះ។
ប្រសិននៅពេលដែលក្រុមហ៊ុនធ្វើអ្វីមួយដែលប៉ះពាល់ដំណាំប្រជាពលរដ្ឋតិចតួច គឺក្រុមហ៊ុនមានការចរចាជាមួយនឹងអាជ្ញាធរមូលដ្ឋានជាអ្នកជួបពិភាក្សាផ្ទាល់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងផ្ដល់ជាសំណងសមស្រប ព្រមព្រៀងគ្នាគ្រប់ភាគីពាក់ព័ន្ធ។

ហើយចំពោះការលើកឡើងព័ត៌មានថា មានការបង្ហូរទឹកកាកសំណល់ស្អុយនោះ វាដូចជាមិនត្រឹមត្រូវទេ ពីព្រោះថាក្រុមហ៊ុនអត់មានទឹកអីបង្ហូរចេញទេ កាកសំណល់ដែលបញ្ចេញមកនោះគឺជាកាកសំណល់ដែលគោករឹង ដែលគាបចេញពីក្រុមហ៊ុនហើយកាកសំណល់នោះត្រូវបានធ្វើរបាំងជុំវិញ ហើយអត់មានទឹកអីដែលត្រូវបង្ហូរចេញនោះទេ។ ក្រុមហ៊ុនពិតជាមានកាភ្ញាក់ផ្អើលដែរ និងសោកស្ដាយណាស់ចំពោះការចុះផ្សាយនេះ ដោយសារក្រុមហ៊ុនមិនបានទៅធ្វើរឿងដូច្នេះ៕