(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកព័ត៌មានត្រូវតែផ្សាយនូវព័ត៌មានពិត ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់ព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កិត្តិយសជាតិ មិនគួរផ្សាយនោះទេ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីបាឋកថាស្តីពី «ការវិវត្តនៃវិស័យច្បាប់នៅប្រទេសកម្ពុជាក្នុងសម័យទំនើប៖ ទិដ្ឋភាពប្រវត្តិសាស្ត្រ» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមដោយ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់គោលនយោបាយពាណិជ្ជកម្ម និងជាអនុប្រធានទី១ នៃគណៈកម្មាធិការកំណែទម្រង់ច្បាប់ ជាវាគ្មិនកិត្តិយសព្រមទាំងមានការចូលរួមសិស្ស-និស្សិតជាច្រើននាក់ផងដែរ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មានត្រូវតែផ្សាយនូវព័ត៌មានពិត ប៉ុន្តែគ្រប់ហេតុការណ៍ពិតមិនត្រូវតែផ្សព្វផ្សាយនោះទេ កន្លែងខ្លះត្រូវតែទុកកិត្តិយសឲ្យជាតិផង កម្ពុជាមិនមែនជាកន្លែងធ្វើឃាតកម្មនោះទេ ប្រសិនបើយើងផ្សាយបែបនេះគេខ្លាចកម្ពុជាបើយើងធ្វើបែបនេះ»។ ដូច្នេះអ្នកព័ត៌មាន ត្រូវតែផ្សាយព័ត៌មានពិតគ្រប់ទិដ្ឋភាពដែលកើតនៅក្នុងសង្គមច្បាប់ប៉ុន្តែគ្រប់ព័ត៌មានពិតហេតុការណ៍ពិត មិនតម្រូវឲ្យផ្សាយទេ ប្រសិនបើប៉ះពាល់ដល់កិត្តិយសជាតិ ក្នុងឆាកអន្តរជាតិ។

លោកបណ្ឌិត យង់ ពៅ បានបន្តថា អ្នកសារព័ត៌មានអាជីពនិងអ្នកសារព័ត៌មាន MMO រួមទាំងបុគ្គលម្នាក់ៗ ដែលមាន facebook ផ្ទាល់ខ្លួននិងសូមជួយសង្គមខ្លួនឯងពិត ដែលត្រូវផ្សាយប៉ុន្តែហេតុការណ៍ គ្រប់ហេតុការណ៍ពិតមិនត្រូវតម្រូវឲ្យផ្សាយនោះទេទុកកិត្តិយសឲ្យជាតិផង។

បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ ក៏សំណូមពរដល់ព័ត៌មានអាជីព ក្រុម MMO និងព័ត៌មានពលរដ្ឋ គួរមកងាកធ្វើមាតិកាព័ត៌មានខ្លីៗពីផលិតផលជាតិ ឬការអប់រំ ឬគតិបណ្ឌិតវិញទើបល្អ ចំពោះជាតិយើង ដែលកំពុងរងនឹងវិបត្តិសេដ្ឋកិច្ចសកល៕