(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរពីរបបប្រល័យពូជសាសន៍, ការបង្កើតបានសន្តិភាពពេញលេញ និងការអភិវឌ្ឍបច្ចុប្បន្ននេះ គឺជាតថភាព ប្រវត្តិសាស្ត្រ ដែលខ្មែរគប្បីមានការយល់ដឹងឱ្យបានច្បាស់ និងចងចាំជានិច្ច។

សម្តេចតេជោ​ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី ៧៣ ថ្ងៃបង្កើតគណបក្ស (២៨.០៦.១៩៥១ - ២៨.០៦.២០២៤) នៅវិមាន៧មករា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចតេជោ​ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរយើង ដែលបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍, ការបង្កើតបានសន្តិភាពពេញលេញតាមរយៈ នយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍដ៏រស់រវើករបស់សង្គមជាតិយើងបច្ចុប្បន្ននេះ គឺជាតថភាព ប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាជាខ្មែរគប្បីមានការយល់ដឹងឱ្យបានច្បាស់ និងចងចាំជានិច្ចដើម្បីធានាការកសាងអនាគតមួយរបស់កម្ពុជាប្រកបដោយភាពរុងរឿង ដែលគ្មានអំពើប្រល័យពូជសាសន៍ គ្មានការបែកបាក់ជាតិ និងសង្គ្រាមជាថ្មីទៀត»

បើតាមប្រសាសន៍សម្តេចតេជោ ​រយៈពេល ៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី។ គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផល នៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ពេលប្រទេសជាតិទាំងមូលត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយនៃអំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គណបក្សបានដឹកនាំការតស៊ូប្រយុទ្ធវាយផ្ដួលរំលំរបបដ៏សាហាវឃោរឃៅនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា និងបានដណ្ដើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់ បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ ឆ្នាំមកនេះ បានអនុញ្ញាតឱ្យយើងប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០»

សម្តេចតេជោ ក៏បានអះអាងថា ការប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នូវការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ ២០២៤នេះ បានបង្ហាញពីភាពចាស់ទុំ និងការបោះជំហានយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុសត្រូវរបស់គណបក្សក្នុងការកសាង ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពរបស់ជាតិ ដែលមនុស្សគ្រប់រូបក្នុងសង្គមសុទ្ធតែមានចំណែកចូលរួមប្រកបដោយមនសិការ ក្នុងគោលបំណងរួមគ្នា ការពារជាតិ ការពារភាពសុខសាន្ត របស់ប្រជាជនគ្រប់រូប និងសម្រេចនូវវឌ្ឍនភាពសង្គម៕