(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក ចូលជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការវិនិយោគ នៅក្នុង​ប្រទេសកម្ពុជា។ ជំនួបនេះ រៀបចំធ្វើឡើង នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គោលបំណងសំខាន់ៗ សម្រាប់ជំនួបពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នកម្ពុជា ជាមួយគណៈប្រតិភូពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក ខាងលើនេះ រួមមាន៖

* គោលបំណងទី១៖ គោរពរាយការណ៍អំពីបច្ចុប្បន្នភាព នៃការសិក្សាគម្រោងវិនិយោគ ដែលគណៈប្រតិភូពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក បានពិភាក្សាលើកទី១ ជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ លើគម្រោងសំខាន់ៗ ចំនួន២ រួមមាន៖
១៖ គម្រោងដាំដុះ និងកែច្នៃកសិផលធូរ៉េន
២៖ ការអភិវឌ្ឍវិស័យសុខាភិបាល លើគម្រោងកោសិកាដើម (Stem Cell)។

* គោលបំណងទី២៖ គណៈប្រតិភូពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក គោរពស្នើសុំអនុសាសន៍បន្ថែម ពីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នកម្ពុជា អំពីវិស័យសក្តានុពលផ្សេងៗទៀត រួមមាន៖
១៖ ការអភិវឌ្ឍលំនៅដ្ឋាន មានតំលៃសមរម្យ
២៖ ការសាងសង់ស្ពានអាកាស នៅរាជធានីភ្នំពេញ
៣៖ ការអភិវឌ្ឍថាមពលករកើតឡើងវិញ (ថាមពលពន្លឺព្រះអាទិត្យ)
៤៖ ផលិតកម្មលោហៈដែក
៥៖ ការវិនិយោគលើវិស័យអប់រំ ដោយបង្កើតសាលារៀនអន្តរជាតិស្តង់ដារ ប្រទេសសិង្ហបូរី ជាដើម។

* គោលបំណងទី៣៖ សភាពាណិជ្ជកម្ម នឹងគោរពអញ្ជើញ ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី និងសិង្ហបូរី ដើម្បីពិនិត្យផ្ទាល់ ពីសមិទ្ធផលគំរូ របស់គំរោងកសិឧស្សាហកម្មធូរ៉េន និងមន្ទីរពិសោធន៍ស្រាវជ្រាវកោសិកាដើម។

ថ្លែងក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្ដែងនូវក្ដីសប្បាយរីករាយ និងសូមស្វាគមន៍រាល់វិនិយោគិន ដែលមានបំណង់មកចង់វិនិយោគ នៅក្នុងប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្នរាជរដ្ឋាភិបាល មានការជួយសម្របសម្រួល ដល់វិនិយោគិន ដែលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យសេដ្ឋកិច្ចជាតិ កាន់តែមានការរីកចម្រើន។

សូមជម្រាបថា សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក (WL.CC) គឺជាអង្គភាពសកល មិនរកប្រាក់ចំណេញ និងរួមគា្នជាមួយសភាពាណិជ្ជកម្មត្រកូលលីន នៃបណ្ដាលប្រទេសផ្សេងៗ ដើម្បីបង្កើតឱកាសវិនិយោគទៅវិញទៅមក។

ដោយយល់ឃើញថា កម្ពុជា ជាប្រទេសមួយ ដែលមានសក្តានុពលខ្ពស់ និងឱកាសវិនិយោគ ដ៏គួរឲ្យទាក់ទាញខ្លាំង សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក បានកៀរគរសមាជិករបស់ខ្លួន ពីបណ្តាលប្រទេសផ្សេងៗ រួមមាន៖ ប្រទេសម៉ាឡេស៊ី សិង្ហបូរី ជប៉ុន និងចិន មកបំពេញទស្សនកិច្ចរួមគ្នា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥-២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

ត្រកូលលីន គឺជាត្រកូលធំមួយ ដែលមានដើមកំណើតពីប្រទេសចិន អាយុកាលជាង៣ពាន់ឆ្នាំ។ បងប្អូនត្រកូលលីន បាននឹងកំពុងរស់នៅគ្រប់ទិសទី ទាំងនៅក្នុង និងក្រៅពីប្រទេសចិន។

ដោយឃើញពីភាពចាំបាច់ ក្នុងការពង្រីកបណ្ដាញទំនាក់ទំនង ក្នុងការរកស៊ី អ្នកជំនួញ ដែលមានត្រកូលលីន បានផ្តួចផ្តើមរួមគ្នាចងក្រង នូវសភាពាណិជ្ជកម្មត្រកូលលីន ដើម្បីជាវេទិកាសម្របសម្រួល ដល់ការទាក់ទងធ្វើធុរកិច្ចជាមួយគ្នា ពីប្រទេសមួយ ទៅប្រទេសទៀត៕