(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយព័ត៌មានសម្ងាត់មួយថា ក្រុមជ្រុលនិយមកំពុងផ្ដួចផ្ដើមបង្កើតរដ្ឋាភិបាលនិរទេសមួយនៅឯបរទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះដើម្បីធានាការពារសុខសន្តិភាពនិងប្រជាជន សូមប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលរួមគ្នាកម្ចាត់គណបក្សនយោបាយដែលធ្វើជាដៃជើង ឬមានទំនាក់ទំនងជាមួយរដ្ឋាភិបាលខុសច្បាប់នោះ ពិសេសត្រូវដាក់ទោសឱ្យធ្ងន់ចំពោះក្រុមជ្រុលនិយមនេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅប្រទេសបារាំង ប្រធានាធិបតី ម៉ាក្រុង ទើបតែបានថ្លែងថា សម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ ប្រសិនបើគណបក្សស្ដាំនិយមជ្រុល ឬគណបក្សឆ្វេងនិយមជ្រុលឈ្នះឆ្នោត លទ្ធភាពនៃការកើតសង្គ្រាមស៊ីវិលនឹងអាចកើតមាននៅប្រទេសបារាំង ដូច្នេះកម្ពុជាច្បាស់ជាមានហេតុផលនិយាយដូចគ្នាដែរថា ប្រសិនបើក្រុមជ្រុលនិយមនៅបន្តសកម្មភាព ប្រទេសជាតិក៏អាចឆ្លងកាត់នូវការលំបាក ដែលធ្វើឱ្យប្រជាជនហូរឈាមសាជាថ្មីម្ដងទៀត។

សម្ដេចតេជោប្រធានគណបក្សបានទម្លាយព័ត៌មានសម្ងាត់ថា «ការផ្តួចផ្តើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសបានចាប់ផ្តើមហើយ ខ្ញុំសូមយកព័ត៌មានសម្ងាត់នេះបញ្ជាក់ជូនអ្នកនៅក្នុងប្រទេសថា បក្សណាក៏ដោយដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេសនៅឯបរទេសនោះ យើងត្រូវតែកម្ចាត់ចោលភ្លាម រំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សណាក៏ដោយដែលនៅក្នុងប្រទេស នេះគឺជារឿងចាំបាច់ដើម្បីធានាការពារ»

សម្ដេចតេជោក្នុងនាមប្រធានព្រឹទ្ធសភាបានឱ្យដឹងថា កម្ពុជាមិនអាចឱ្យពួកគេមានក្បាលម៉ាស៊ីរដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានទេ ដូច្នេះសម្ដេចតេជោក៏បានអំពាវនាវចំពោះរាជរដ្ឋាភិបាលពិនិត្យពិចារណាលើរឿងនេះ ពិសេសគួរតែធ្វើវិសោធនកម្មលើច្បាប់ស្ដីពីគណបក្រនយោបាយ ឬច្បាប់ដទៃទៀត ប្រសិនបើពួកគេចូលរួមបង្កើតរដ្ឋាភិបាកនិរទេស ត្រូវតែដាក់ទោសឱ្យធ្ងន់បំផុតចំពោះក្រុមជ្រុលនិយមនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា យើងត្រូវហ៊ានធ្វើអ្វីៗ ដើម្បីការពារនូវសន្តិភាពសម្រាប់ប្រជាជនកម្ពុជា គ្រប់គ្នាត្រូវរួមគ្នាបន្តការពារសន្តិភាពនេះឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីទប់ស្កាត់នូវចរន្តជ្រុលនិយមដែលអាចនាំគ្រោះថ្នាក់ដល់ប្រទេសជាតិ៕