(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងមន្រ្តីរាជការនៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោក ឆាង ជាន (Chang Jian) ភារធារីស្តីទីនៃស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធាន-អនុប្រធាននាយកដ្ឋាននៃទីស្តីការក្រសួងសុខាភិបាល។

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិននេះ ដើម្បីថ្លែងអំណរគុណចំពោះជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន (ជុំទី២) នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈមកពីមន្ទីរពេទ្យក្វាងអានមិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលបានខិតខំជួយក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក៏ដូចជាពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យបានតែមានល្អប្រសើរថែមទៀត។ ការព្យាបាលជំងឺដោយប្រើប្រាស់ឱសថបុរាណ ក៏ជាគោលការណ៍ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយនឹងការព្យាបាលដោយឱសថសម័យទំនើបផងដែរ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្រ្តីរាជការនៃទីស្តីការក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈផងដែរ ដើម្បីជាការលើកទឹកចិត្តជូនដល់មន្រ្តីសុខាភិបាល ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសរំលេចពីប្រវត្តិនៃការចាប់ផ្ដើមភាពជាដៃគូរវាងក្រុមគ្រូពេទ្យវេជ្ជសាស្ដ្របុរាណចិន នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ចាប់ផ្ដើមពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីការសម្ដោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសម្ដែងនូវការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន បុគ្គលិកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ថែទាំសុខភាពជូនប្រជាជន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ គោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ។

ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនជុំទី១ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន១៨រូប ក្នុងនោះ១៣រូបមកពីមន្ទីរពេទ្យស៊ីយាន និង៥រូបមកពីមន្ទីរពេទ្យខេត្តអានហ៊ួយ៕