(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ហើយពិធីបើកវេទិកានឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា (CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាមួយការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ៉ាកម្ពុជា។

ព្រឹត្តិការណ៍ខាងលើនឹងមានការចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា, តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើននឹងដូចជាក្រុមហ៊ុនសំណង់និងហេដ្ឋារចនាសម្ព័ន្ធ, ឌីជីថល, សុខាភិបាល, ថាមពល, នគរូបនីយកម្ម, ទេសចរណ៍, ឡូជីស្លឹក, ដឹកជញ្ជូន, កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។

វេទិកាធុរកិច្ចលើកទី២នេះ នឹងបន្តជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន, អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ ត្បិតវេទិកានេះក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។

អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ទំនាក់ទំនងទ្វេភាគីបារាំង-កម្ពុជាមានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបនៅប្រទេសបារាំង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជាថាមពល, ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពីសករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។ កិច្ចព្រមព្រៀងខាងលើក៏បង្ហាញឱ្យឃើញផងដែរពីការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការពង្រឹងវិស័យឯកជន។

ទំហំនៃបម្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាមានចំនួន ១,៣៦៣លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ដែលបច្ចុប្បន្នប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំងពោលគឺ៣១%បើធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។

ចំណែកការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំងវិញមានទំហំទឹកប្រាក់ ១,១៩២លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន ក្នុងទំហំប្រមាណ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់កសិឧស្សាហកម្ម និងសេវា។ ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំងនៅកម្ពុជា (ជាង៤០០ក្រុមហ៊ុន) បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារាំងនៅកម្ពុជា។ តួលេខទាំងនេះ
ឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ក្នុងអំឡុងវេទិកាធុរកិច្ចនេះ កិច្ចពិភាក្សាតាមប្រធានបទផ្សេងៗនឹងអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសំខាន់ៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធ, ឡូជីស្ទិក, កសិអាហារ, កសិកម្ម, សុខាភិបាល និងថាមពល ហើយបទបង្ហាញនឹងត្រូវធ្វើឡើងដោយតំណាងក្រសួងពាក់ព័ន្ធនីមួយៗ។ ជំនួបពិភាក្សាក្នុងចំណោមតំណាងក្រុមហ៊ុន និងជំនួបពិភាក្សារវាងតំណាងក្រុមហ៊ុនជាមួយតំណាងរាជរដ្ឋាភិបាល ក៏នឹងផ្តល់ឱកាសផងដែរដល់ការចងក្រងបណ្តាញ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជា។

ក្នុងវេទិកានេះក៏មានបទបង្ហាញអំពីចក្ខុវិស័យសេដ្ឋកិច្ច និងគតិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាហិរញ្ញប្បទានសាធារណៈ និងឯកជនផងដែរ។ កិច្ចពិភាក្សាតុមូលនឹងអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាលម្អិត អំពីកាលានុវត្តភាពក្នុងវិស័យអាទិភាពដូចជា ទេសចរណ៍, ឌីជីថល, ការចែកចាយ, សំណង់, សុខាភិបាល, ថាមពល, កសិកម្ម, ឡូជីស្ទិក, ដឹកជញ្ជូន និងបរិស្ថាន រួមទាំងការចែករំលែកបទពិសោធន៍ពីសំណាក់តួអង្គដែលប្រើប្រាស់ភាសាបារាំង នឹងញ៉ាំងឱ្យកិច្ចពិភាក្សាកាន់តែសម្បូរបែប។

នៅថ្ងៃទី១៩ ខែកក្កដានៃវេទិកានេះ នឹងប្រព្រឹត្តទៅនៅក្រុងព្រះសីហនុ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់អំពីទីតាំងសេដ្ឋកិច្ច សំខាន់ៗនៅក្រុងព្រះសីហនុ និងជួបជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជានៅទីនោះ។ គួរបញ្ជាក់ផងថា វេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ២០២៤ គឺជាកាតាលីករមួយនៃកិច្ចសហការសេដ្ឋកិច្ចទ្វេភាគីថ្មីៗ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ៕