(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅ បានចូលរួមអបអរសាទរចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជាដែលបានជាប់ចំណាត់ថ្នាក់ទី១២ ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតលើពិភពលោក ពីកម្មវិធីពានរង្វាន់ Traveler Choice Awards របស់ TripAdvisor។

តាមរយៈពាក្យគន្លឹះ best tourist attractions in the world លោកអ្នកនឹងបានឃើញគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតទាំង២៥លើពិភពលោករបស់គេហទំព័រ TripAdvisor ក្នុងនោះចំណាត់ថ្នាក់ទី១២ គឺនិយាយពីប្រាសាទអង្គរវត្ត។ TripAdvisor បានបញ្ជាក់ដោយខ្លីថា «ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មនុស្សជាច្រើនបានទៅទស្សនាថ្ងៃរះនៅទីនោះ។ មានប្រវត្តិរឿងរ៉ាវដ៏អស្ចារ្យជាច្រើនដែលភ្ញៀវទេសចរគួរតែដឹងពីតំបន់បេតិកភណ្ឌមួយនេះ»

ការទទួលបានចំណាត់ថ្នាក់នេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញចលនាទស្សនាសៀមរាបឆ្នាំ២០២៤ ​ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនា និងស្នាក់នៅតាមគោលដៅទេសចរណ៍នានានៅខេត្តសៀមរាប ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជា និងសៀមរាប-អង្គរនេះផងដែរ។

យោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត។ មហាប្រាសាទនេះក៏ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ មានចំនួន ៤៧២,២៥៨នាក់ កើនឡើង ៣៦.៩៨% និងទទួលបានចំណូល ២២,២០៦,៨៩១ដុល្លារអាមេរិក កើនឡើង ៣៨.២២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣៕