(ភ្នំពេញ)៖ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) ឱ្យដឹងថា សមាគមបានទទួលលិខិតអញ្ជើញពី ប្រធានសហព័ន្ធផលិតស៊ីម៉ងត៍អាស៊ាន (AFCM) លោកស្រី Dato Yeoh Soo Keng ឱ្យចូលរួមជាសមាជិក នៃសហព័ន្ធផលិតស៊ីម៉ងត៍ប្រចាំតំបន់នេះ ដោយចាប់ផ្តើមចូលរួមក្នុងសកម្មភាពទាំងអស់របស់ សហព័ន្ធជាលក្ខណៈសមាជិកពេញលេញតែម្តង។

សហព័ន្ធផលិតស៊ីម៉ងត៍អាស៊ាន ASEAN Federation of Cement Manufacturers (AFCM) នឹងមានព្រឹត្តិការណ៍ធំៗចំនួនពីរដែលរៀបចំដោយ AFCM ក្នុងឆ្នាំ២០២៤។ ព្រឹត្តិការណ៍ទី១ គឺសន្និសីទ និងពិព័រណ៍បច្ចេកទេស AFCM លើកទី២៦ (26 AFCM TS&E) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងកូឡាឡាំពួ និងព្រឹត្តិការណ៍មួយទៀត គឺកិច្ចប្រជុំលើកទី៤៥ របស់ក្រុមប្រឹក្សា AFCM និងសន្និសីទលើកទី២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ីផងដែរ។

សហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយមានគោលបំណងជំរុញភាពស៊ីសង្វាក់គ្នាក្នុងចំណោមការផលិតស៊ីម៉ងត៍ក្នុងប្រទេសសមាជិកអាស៊ានក្នុងវិស័យអភិវឌ្ឍន៍អាជីវកម្ម បច្ចេកទេស កិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ប្រជាជាតិកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងសមាគមផលិតស៊ីម៉ងត៍ក្នុងអាស៊ាន ប្រទេសជាសមាជិក និងជាមួយអង្គការក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត និង​ជំរុញ​កំណើន និង​វឌ្ឍនភាព​ក្នុង​ឧស្សាហកម្ម​ស៊ីម៉ងត៍​អាស៊ាន​។

ប្រទេសជាសមាជិករបស់សហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) រួមមាន៖ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមជាំដើម។ បច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ីកាន់តំណែងជាប្រធាន សហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ដោយប្រទេសជាសមាជិកត្រូវបានប្តូរវេនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំ។

កាលពីថ្ងៃទី២៣-២៥ ​​ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមឧស្សាហកម្មសុីម៉ង់ (CCMA) បានបញ្ជូនគណៈប្រតិភូទៅចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា AFCM លើកទី៤៤ នៅទីក្រុងបាងកក ប្រទេសថៃ ដឹកនាំប្រតិភូដោយលោកអគ្គលេខាធិការ ពុត ចន្តារិទ្ធ ផងដែរ៕