(កែប)៖ រដ្ឋបាលខេត្តកែប នារសៀលថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២៤ បានរៀបចមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន»។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងមានការចូលរួមពីតំណាងសាលាដំបូងខេត្ត ព្រះរាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសលោក សោម ពិសិដ្ឋ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ទីរ អង្គភាព អាជ្ញាធរ និងកងកម្លាំង ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការចូលរួមចំណែកបង្រ្កាប ការទប់ស្កាត់ ការអប់រំណែនាំ អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសគឺការរៀបចំ ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៍មានសារៈសំខាន់នាពេលនេះ។

លោកអភិបាលខេត្ត បានថ្លែងទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តដឹកនាំអនុវត្ត និងថែរក្សាមរតកសន្តិភាព និងសន្តិសុខដ៍ថ្លៃថ្លា តម្កល់វិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិស័យអាទិភាពចាំបាច់ បំផុតរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយ និងវិធានការគន្លឹះទាំង៥ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ កំណែទម្រង់ក្បាល ម៉ាសុីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្កើតគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាសក្ខីភាពយ៉ាងប្រត្យក្សមួយ បង្ហាញពីគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដោយមិនរាថយឡើយ។

មិនតែប៉ុណ្ណោះចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់នេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏មុតស្រួច តាមរយៈបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការមុឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការសុីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនិងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង៕