(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររម្លែកទុក្ខចំពោះមរណភាពរបស់លោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលមរណភាពក្នុងជន្មាយុ​ ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកតា ដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត នៅវេលាម៉ោង ១២៖៤០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ»។​

មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាបុីដងវែង ដែលជាមត៌កសិល្បៈដូនតាខ្មែរបន្សល់ទុកយូរលង់រៀងមក ជាពិសេស ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់សា្នដៃទុកសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ ជាមួយនឹងការបង្ហាញខ្លួនភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច លោកគឺជាតន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជានិងលើឆាកអន្តរជាតិ។

ដំណឹងទទួលមរណភាពរបស់លោកថា គឺជាការបាត់បង់ធនធានមនុស្ស ក៏ដូចជាជាមរតកមនុស្សរស់យ៉ាងសំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់នេះ៕