(ភ្នំពេញ)៖ កម្ពុជា បានសម្រេចការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោល ផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ ដើម្បីធ្វើបច្ចុប្បន្នភាព និងវាស់វែងកំណើនសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមាន ភាពល្អប្រសើរ។

ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពីលទ្ធផលចុងក្រោយការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ទ្រី ឬទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានលើកឡើងពីភាពចាំបាច់នៃការផ្លាស់ប្តូរគោលគណនេយ្យជាតិ ឬផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ និងគោលបំណងជាចម្បងនៃការផ្លាស់ប្តូរ នេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពទំហំ វិសាលភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា សម្រាប់ធ្វើការប៉ាន់ស្មានឡើងវិញស៊េរីទិន្នន័យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២។

លោកបានលើកឡើងថា ស៊េរីទិន្នន័យ ផ.ស.ស. ឆ្នាំគោល២០០០ ដែលបានប្រើប្រាស់ជាង២០ឆ្នាំកន្លងមកនេះ ត្រូវបានវាយតម្លៃដោយអ្នកជំនាញស្ថិតិ និងសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងស្ថាប័នស្ថិតិស៊ុយអែត ថាលែងតំណាងឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាហើយ ទាំងទំហំ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបានលើកជាសំណើសុំប្តូរឆ្នាំគោលមកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។

លោកបានឱ្យដឹងថា កន្លងមកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្តូរឆ្នាំគោលម្ដង គឺប្តូរពីឆ្នាំ១៩៩៣ ទៅឆ្នាំ២០០០ ដោយផ្អែកលើការអង្កេតសហគ្រាសឆ្នាំ២០០០ ដែលមានសំណាកគំរូ ត្រឹមតែជាង ២ ០០០សហគ្រាស ហើយចាប់ពីឆ្នាំ២០០០ មកទល់ពេលបច្ចុប្បន្ន វិទ្យាស្ថានជាតិស្ថិតិ ពុំទាន់បានប្តូរឆ្នាំគោលទេ។ ការវាស់វែងសេដ្ឋកិច្ចដែលមានឆ្នាំគោលយូរជាង ២០ឆ្នាំ បែបនេះ បានធ្វើឱ្យស្ថិតិគណនេយ្យជាតិ លែងមានសង្គតិភាពជាមួយនឹងស្ថិតិម៉ាក្រូសេដ្ឋកិច្ចដទៃទៀតដូចជា៖ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ស្ថិតិជញ្ជីងទូទាត់ ស្ថិតិរូបិវត្ថុ ដែលត្រូវបានប្រើប្រាស់ជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត កម្មវិធិនយោបាយនានារបស់រាជរដ្ឋាភិបាល។

លោក ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការបានថ្លែងថា ស្ថិតិគណនេយ្យជាតិ ជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជានិងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច ដែលមានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។ បច្ចុប្បន្ននេះ ការគណនាផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺផ្អែកលើឆ្នាំគោលឆ្នាំ២០០០ ដែលគិតមកដល់ឆ្នាំ២០២២ មានរយៈពេល២២ឆ្នាំ ដែលតាមអនុសាសន៍នៃសេចក្ដីណែនាំរបស់អង្គការសហប្រជាជាតិស្ដីពីស្ថិតិគណនេយ្យជាតិ (UN-SNA) ត្រូវផ្លាស់ប្តូរឆ្នាំគោលជារៀងរាល់ ៥ឆ្នាំម្ដង ឬយ៉ាងយូរបំផុត ១០ ឆ្នាំម្ដង ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចមានសង្គតិភាព។

លោកបន្តថា «តាមទីប្រឹក្សាស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការផ្លាស់ប្តូរឆ្នាំគោលម្ដងៗ គឺត្រូវរង់ចាំពេលវេលាដែលសមស្រប មានប្រភពទិន្នន័យគ្រប់គ្រាន់ ។ ក្នុងន័យនេះ ការផ្លាស់ប្តូរឆ្នាំគោលថ្មី ឆ្នាំ២០១៤ គឺ ត្រឹមត្រូវ ដោយវិទ្យាស្ថានជាតិស្ថិតិ មានជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ២០១៣ អង្កេតពាក់កណ្ដាលជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា៖ ជញ្ជីងទូទាត់(ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្ដរជាតិ(អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង-ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលគ្រប់គ្រាន់»។

សូមជម្រាបថា ការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ បានផ្អែកលើប្រភពទិន្នន័យសំខាន់ៗ រួមមាន៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ២០១៣ អង្កេតពាក់កណ្ដាលជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា ជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្ដរជាតិ(អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

លទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ ត្រូវបានត្រួតពិនិត្យគុណភាព និងពិភាក្សាជាច្រើនលើកជាមួយអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត រហូតលទ្ធផលចុងក្រោយសម្រេចបាន ដូចមាន៖

១- ទំហំសេដ្ឋកិច្ច ៨៨.៩ ទ្រីលានរៀល ស្មើនឹង ២២.១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំគោល២០១៤ បើធៀបនឹងឆ្នាំ២០០០ មានទំហំសេដ្ឋកិច្ច ៦៧.៤ទ្រីលានរៀល បានកើនឡើង ៣១.៩%។

២- រចនាសម្ព័ន្ធសេដ្ឋកិច្ច៖ វិស័យកសិកម្មមានចំណែក ២២% នៃ ផ.ស.ស. (ថយចុះពី ២៩%) វិស័យឧស្សាហកម្មមានចំណែក ៣០% នៃ ផ.ស.ស. (កើនពី ២៦%) វិស័យសេវាកម្មមានចំណែក ៤២% នៃ ផ.ស.ស. (កើនពី ៤០%) នៅឆ្នាំ២០១៤ បើធៀបនឹងឆ្នាំ២០០០ ។

៣- ចំណូលសម្រាប់ម្នាក់ (GDP per capita) កើនពី ១ ១៣១ ដុល្លារអាមេរិក ដល់១ ៤៨៩ ដុល្លារអាមេរិក នៅឆ្នាំ២០១៤។

៤- គិតក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានទំហំ ១៦០,១ ទ្រីលានរៀលតាមថ្លៃបច្ចុប្បន្ន ស្មើនឹង៣៩.៥ ប៊ីលានដុល្លារអាមេរិក និងកំណើន ៥.១%។ ចំណូលសម្រាប់ម្នាក់ ប៉ាន់ស្មាន ២ ៣៤៥ដុល្លារអាមេរិក ៕