(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ដោយសម្តេចបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត។ នេះបើតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេស តាមរយៈការគោះជួង ទូងស្គរព្រមៗគ្នា នៅវេលាម៉ោង៩៖០៩នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្របពេលដែលសម្តេចធិបតីចុចប៊ូតុងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ។ នៅយប់ថ្ងៃដដែលនោះ ក៏មានការរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួចនៅទូទាំងប្រទេសតាមដែលអាចធ្វើបាន។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕